ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិស័យឯកជន ជាដៃគូនមិនអាចខ្វះបាន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ

67


ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បន្តស្វាគមន៍ និងលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀត ឲ្យបន្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីពូនផ្តុំកម្លាំងចូលរួមអនុវត្តនូវគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទាំងក្នុងវិស័យឯកជន និងសាធារណៈ សំដៅធានានូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការប្រកបធុរកិច្ច និងផ្តល់សេវាសាធារណៈ ក្នុងគោលដៅលើកស្ទួយបិរយាកាស វិនិយោគអំណោយផល ដល់ការប្រកួតប្រជែងដោយស្នើភាព និងការរីកចម្រើន ប្រកបដោយចីរភាពនៅកម្ពុជា។

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) និងវិស័យឯកជន បានបន្តប្តេជ្ញាចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយនៅរសៀលថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន ខេមបូឌា ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក បានបង្ហាញឆន្ទៈផ្តល់ការសហការ ក្នុងការប្រឆាំងអំពើពុករលួយ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នឯករាជ្យបង្គោលទទួលអាណត្តិលើការងារនេះ បន្ថែមលើក្រុមហ៊ុនជាតិ អន្តរជាតិ សភាពាណិជ្ជកម្ម សមាគម គ្រឹះស្ថានសាធារណៈ ចំនួន៩២ ដែលបានចុះអនុស្សរណៈជាមួយអង្គភាពប្រឆាំងអំពើពុករលួយកន្លងមក។

អនុស្សរណៈនៃការយោគយល់គ្នា ចុះហត្ថលេខាដោយលោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក Ho Loping នាយក​ប្រតិបត្តិក្រុមហ៊ុនខេមបូឌា ។ ការចុះអនុស្សរណៈនៃការយោគយល់គ្នា គឺជាការចុះកិច្ចសន្យារវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុន ដោយចំណុចសំខាន់ នៃMoU អាចត្រុវបានសង្ខេបជា៣ចំណុចដូចខាងក្រោម៖ ១) ក្រុមហ៊ុនប្តេជ្ញាធ្វើជាស្ថាប័នស្អាតស្អំ កសាងនូវវប្បធម៌តម្លាភាព គោរពច្បាប់កម្ពុជា បដិសេធរាល់អំពើពុករលួយ អប់រំមិនឲ្យមានការសូកប៉ាន់ នៅពេលទំនាក់ទំនងជាមួយនិងមន្រ្តីរាជការ អ្នកផ្គត់ផ្គង់ អតិថិជន អង្គភាព ឬបុគ្គលដទៃ ចាត់វិធានការប្រុងប្រយ័ត្នជាមុននានា ផ្តល់ព័ត៌មានដល់អង្គភាពប្រឆាំងអំពីបញ្ហាប្រឈម ដែលខ្លួនមាន។ ២) អង្គភាពប្រឆាំងអំពើពុករលួយ សន្យាការពារសុចរិតភាព និងគាំទ្រយ៉ាងពេញទំហឹងនូវការប្តេជ្ញាដល់ភាគីនៃអនុស្សរណៈ ដោយរក្សាឲ្យបានដាច់ខាតនូវការសម្ងាត់ពីប្រភពព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនិងអំពើពុករលួយ ដែលផ្តល់ជូន ហើយនិងបើកការស៊ើបអង្កេត។ ៣)អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុន នឹងបង្កើតច្រកទំនាក់ទំនង គ្នាមួយ ដែលលឿន រហ័ស និងសម្ងាត់ សម្រាប់ការប្រាស្រ័យទាក់ទងគ្នាំ គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង