ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ៖ បើកយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយច្បាប់ និងសុវត្ថិភាពស្តីពីចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិ លេខ៦ក្បែរ ស្រុកមុខកំពូល

370

កណ្ដាល៖ ក្រសួងសាធារណការ បានចុះអប់រំ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៏ ផ្លូវគោលដល់ប្រជាពលរដ្ឋទូទៅ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅជិត សាលាស្រុកមុខកំពូល ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៥ វិច្ឆិកា ២០២១ ដោយ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.ច. បានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការចូលរួមអមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាទី១
និង លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាល នៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ.។ យុទ្ធនាការនេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចូលរួមសហការដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល កងកម្លាំងនគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កងកម្លាំងនគរបាលចរាចរណ៍ស្រុកមុខកំពូល ស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ និងសុវត្ថិភាពស្តីពីចរាចរណ៍ផ្លូវគោកនៅមុនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១នេះ រៀបចំឡើងដើម្បីអប់រំផ្សព្វផ្សាយ និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច. គ.ច. បានសម្តែងនូវក្តីព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលមានការកើនឡើងគួរឱ្យកក់សម្គាល់នៅរយៈពេលកន្លងមកថ្មីៗនេះ លោកស្រី ក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាពក្នុងពេលធ្វើដំណើរ ពាក់ខ្សែក្រវាត់សុវត្ថិភាពនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ។

ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយនេះ បានចែកជូនឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមានការរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរ សម្រាប់អ្នកចូលរួមយុទ្ធនាការផងដែរ។ ជាលទ្ធផលនៃយុទ្ធនាការនេះ បានចែកមួកសុវត្ថិភាព និងឯកសារមួយចំនួនដូចខាងក្រោម៖ ទី ១-មួកសុវត្ថិភាព ចំនួន ១០០មួក។ ២-សៀវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន២០០ក្បាល ។ ៣-សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ចំនួន ២០០ក្បាល ។ ៤-ខិតបណ្ណអ្វីដែលអ្នកបើកបរត្រូវយល់ដឹង ចំនួន ២០០សន្លឹក។ ៥-ខិតបណ្ណប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ចំនួន ២០០សន្លឹក ។ ៦-ខិតបណ្ណសុវត្ថិភាពការធ្វើដំណើរតាមរថយន្តក្នុងរដូវកាលកូវីដ ១៩ ចំនួន ២០០សន្លឹក ។ ៧-ខិតបណ្ណគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃ ចំនួន ២០០សន្លឹក ។ ៨-ស្ទីកឃ័រចំណាំងផ្លាត ចំនួន ២០០សន្លឹក៕ សំរិត

អត្ថបទដែលជាប់ទាក់ទង