ក្រោយពេលដែលឆក់កាបូបជនជាតិអូស្រ្តាលី បានបថ្ងៃ សមត្ថកិច្ចចាប់ជនសង្ស័យបីនាក់
បាត់ដំបង៖ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ឆក់កាបូបជនជាតិអូស្រ្តាលី ដោយបានឃាត់ខ្លួនក្មេងបីនាក់។
ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៧:១០នាទី លោកវរសេនីយ៍ត្រី ឈឿង គឹមសុង ប្រធានក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបបានដឹកនាំកម្លាំង ចុះប្រតិបត្តិការ បង្រ្កាប និង នាំខ្លួនជនសង្ស័យចំនួន ៣ នាក់៖១- ឈ្មោះ គំនិត ថាដានូ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ។ ២- ឈ្មោះ ហឿត រី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៣- ឈ្មោះ សំ រី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ។ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ពីជនរងគ្រោះ ឈ្មោះ ឡា ណាអាន់ ភេទស្រី អាយុ ៣៥ ឆ្នាំ មកពីប្រទេសអូស្ត្រាលី នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៣:០០នាទី ។ វត្ថុតាងដកហូតមាន ម៉ូតូម៉ាកហុងដា CLICK ពណ៌ ស ស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ។ បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់រួមទាំងវត្ថុតាងខាងលើ បានប្រគល់ជូន ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕