បើកសម័យប្រជុំជាលើកដំបូង ក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រ នៅថ្ងៃនេះ
ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភានីតិកាលទី៦ ត្រូវបានបើកជាលើកដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះនៅវិមានរដ្ឋសភា។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានថ្លែងថា ការបើកសម័យប្រជុំជាលើកដំបូងនៅថ្ងៃនេះ មានការចូលរួមពីតំណាងរាស្ត្រទាំង ១២៥រូប និងមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត បណ្តាប្រទេសនានា ប្រចាំនៅកម្ពុជា និងអង្គការសង្គមស៊ីវិលផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃទី៥កញ្ញានេះ នឹងចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។
នៅពេលរសៀលតំណាងរាស្ត្រទាំង ១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាន នៅចំពោះព្រះភក្ត្រមហាក្សត្រ។
នៅថ្ងៃទី៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលអាណត្តិថ្មី។
សូមបញ្ជាក់ថា រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកចំនួន ១២៥រូបនាពេលបច្ចុប្បន្ន ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំងក្នុងអាណត្តិ ៥ឆ្នាំម្តង ដែលចែកជាតំណាង ខេត្ត-រាជធានីទាំង ២៥ ពី១ ទៅ១២អាសនៈ។ គណបក្សនយោបាយសំឡេងភាគច្រើន ដែលមានអាសនៈយ៉ាងហោច៦២ អាចមានសិទ្ធិ ក្នុងការបង្កើតជារដ្ឋាភិបាល។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋជិត ៧លាននាក់បានចេញទៅបោះឆ្នោតស្មើនឹងជាង ៨៣ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប ក្នុងបញ្ជីបោះឆ្នោតដែលមានជាង ៨លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋ ចេញទៅបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ ទទួលបានការបោះឆ្នោត គាំទ្រច្រើនលើសលុបរហូតដល់ជាង ៤លាននាក់ ឈានទៅគ្រប់គ្រងអាសនៈនៅរដ្ឋសភាចំនួន ១២៥។
ការដឹកនាំសភាមកពីគណបក្សនយោបាយតែមួយ ក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ គឺជាលើកទី៨ ហើយនៃប្រវត្តិរដ្ឋសភា ដែលដឹកនាំដោយគណបក្សនយោបាយតែមួយ គិតចាប់តាំងពីថ្ងៃនៃការកកើតរដ្ឋសភា នៅឆ្នាំ១៩៤៦។ ប្រវត្តិនៃការដឹកនាំរដ្ឋសភា មកពីគណបក្សនយោបាយតែមួយនោះរួមមាន៖ រដ្ឋសភាពីឆ្នាំ១៩៥៥-១៩៥៨ មានសមាជិក ៩១រូប, រដ្ឋសភាពីឆ្នាំ១៩៥៨-១៩៦២ (ឆ្នាំដំបូងដែលស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោត) មានសមាជិក ៦១រូប, រដ្ឋសភាពីឆ្នាំ១៩៦២-១៩៦៦ មានសមាជិក ៧៧រូប, រដ្ឋសភាពីឆ្នាំ១៩៦៦-១៩៧២ មានសមាជិក ៨២រូប, សភាជាតិរបស់របបសាធារណរដ្ឋខ្មែរពី១៩៧២-១៩៧៥ មានសមាជិក ១២៦រូប, សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ មានសមាជិក ២៥០រូប, សភាសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១-១៩៩៣ មានសមាជិក ១១៧រូប។
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំឲ្យមានការបោះឆ្នោតសាកល លើកដំបូងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦។ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជា ជ្រើសតាំងសមាជិកសភាធម្មនុញ្ញ៦៧រូប មានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧។
ការជ្រើសតាំងសមាជិករដ្ឋសភា ក៏ដូចជាដំណើរការនៃរដ្ឋសភា ក៏ត្រូវបានប្រែប្រួលគ្នា ទៅតាមរបបដឹកនាំ ក្នុងសម័យកាលនីមួយៗផងដែរ។ យោងតាមសាវតារបស់រដ្ឋសភាកម្ពុជា ដែលត្រូវបានកត់ត្រា និងផ្សព្វផ្សាយលើគេហទំព័ររដ្ឋសភា បានឲ្យដឹងថា៖
សភាធម្មនុញ្ញពីឆ្នាំ១៩៤៦-១៩៤៧ មានសមាជិក ៦៧រូប មកពីពហុបក្ស ។ រដ្ឋសភាពីឆ្នាំ១៩៤៧-១៩៥១ មានសមាជិក ៧៥រូប មកពីពហុបក្ស។ រដ្ឋសភាពីឆ្នាំ១៩៥១-១៩៥៣ មានសមាជិក ៧៨រូប មកពីពហុបក្ស។ រដ្ឋសភាពីឆ្នាំ១៩៥៥-១៩៥៨ មានសមាជិក ៩១រូប មកពីគណបក្សនយោបាយតែមួយ។ រដ្ឋសភាពីឆ្នាំ១៩៥៨-១៩៦២ (ឆ្នាំដំបូងដែលស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោត) មានសមាជិក ៦១រូប មកពីគណបក្សនយោបាយតែមួយ។ រដ្ឋសភាពីឆ្នាំ១៩៦២-១៩៦៦ មានសមាជិក ៧៧រូប មកពីគណបក្សនយោបាយតែមួយ។
រដ្ឋសភាពីឆ្នាំ១៩៦៦-១៩៧២ មានសមាជិក ៨២រូប មកពីគណបក្សនយោបាយតែមួយ។ សភាជាតិរបស់របបសាធារណរដ្ឋខ្មែរពី១៩៧២-១៩៧៥ មានសមាជិក១២៦រូប មកពីបក្សតែមួយ។ សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ មានសមាជិក ២៥០រូប មកពីបក្សតែមួយ។ សភានេះត្រូវបានបោះឆ្នោតនៅថ្ងៃទី២០ខែមីនា ឆ្នាំ១៩៧៦។ សភាសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១-១៩៩៣ មានសមាជិក១១៧រូប មកពីគណបក្សបក្សនយោបាយតែមួយ។ សភាធម្មនុញ្ញឆ្នាំ១៩៩៣ មានសមាជិក១២០រូប មកពីពហុបក្ស។ រដ្ឋសភានីតិកាលទី១ (របបរាជាណាចក្រលើកទី២) ពីឆ្នាំ១៩៩៣-១៩៩៨ មានសមាជិក ១២០រូប មកពីពហុបក្ស។ រដ្ឋសភានីតិកាលទី២ ពីឆ្នាំ១៩៩៨-២០០៣ មានសមាជិក១២២រូប មកពីពហុបក្ស។ រដ្ឋសភានីតិកាលទី៣ ពីឆ្នាំ២០០៣-២០០៨ មានសមាជិក១២៣រូប មកពីពហុបក្ស។ រដ្ឋសភានីតិកាលទី៤ ពីឆ្នាំ២០០៨-២០១៣ មានសមាជិក១២៣រូប មកពីពហុបក្ស។ រដ្ឋសភានីតិកាលទី៥ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន មានសមាជិក១២៣រូប មកពីពហុបក្ស៕