ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង និង ឯកឧត្តមបណ្ឌិត ថោង ខុន ចុះធ្វើទស្សនកិច្ចត្រួតពិនិត្យក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប

38

ខេត្តសៀមរាប ៖ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះធ្វើទស្សនកិច្ចត្រួតពិនិត្យក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីពិភាក្សា និងផ្តល់ការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រៀមលក្ខណៈបើកដំណើរការច្រកទ្វារឡើងវិញ ជាពិសេសការអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី ក្នុងនោះគណៈប្រតិភូ បានលើកឡើងនូវចំណុចសំខាន់ៗដើម្បីអនុវត្តមួយចំនួន រួមមាន៖
១. ត្រូវរៀបចំបង្កើតច្រកដាច់ដោយឡែក ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ និងមិនទាន់បានចាក់។
២. រៀបចំនីតិវិធី និងទីតាំងយកសំណាក ទីតាំងរង់ចាំរបស់អ្នកដំណើរ ធ្វើយ៉ាងណាអោយមានសណ្តាប់ធ្នាប់ល្អ កុំអោយមានការកកស្ទះ ឬបាត់បង់នូវការអនុវត្តវិធានការសុខាភិបាល ។
៣. មន្រ្តីអនុវត្តទាំងអស់ត្រូវមាន និងប្រើប្រាស់ឧបករណ៏ សម្ភារបរិក្ខាចាំបាច់នានា ដើម្បីធានាបាននូវសុវត្ថិភាព និងជៀសផុតពីការចម្លងរោគ។
៤. បន្តពង្រឹងការអនុវត្តនូវគោលការណ៏ប្រតិបត្តិស្តង់ដារ (SOP) និងប្រកាន់ភ្ជាប់នូវ វិធានការសុខាភិបាល ជាពិសេស ៣កុំ និង៣ការពារ ៕

អត្ថបទដែលជាប់ទាក់ទង