ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាត់ទោសបុរសម្នាក់ ដាក់គុកអស់មួយជីវិត ជាប់ពាក់ព័ន្ធការសម្លាប់ និងប៉ុនប៉ងរំលោភសេពសន្ថវៈកុមារាម្នាក់ អាយុ ១០ឆ្នាំ

52

 

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលក្រម និងបានផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ដែលនិយមរួមភេទប្រុស និងប្រុស ដោយសម្រេចដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធកាសម្លាប់ និងប៉ុនប៉ងរំលោភសេពសន្ថវៈកុមារាម្នាក់ អាយុ ១០ឆ្នាំ រួចយកចោលសាកសពក្នុងបឹងឈូក រួចគេចខ្លួន។

អំពីឃាតកម្មនេះ មានកើតឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅក្នុងព្រៃត្រែង ស្ថិតនៅក្នុងភូមិបោះអង្គាញ់១ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក៏ប៉ុន្តែសាកសពរបស់ជនរងគ្រោះ ត្រូវបានគេប្រទះឃើញហើមស្អុយរលួយ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។

លោក រស់ សាម៉ីឌី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ អុន ភាមុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯកុមារារងគ្រោះឈ្មោះ ជា ប៊ុនហេង អាយុ១០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

លោកចៅក្រម បានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទត្រូវបានជាប់ចោទពីបទ “ឃាតកម្មដោយការធ្វីទារុណកម្ម ឬអំពីឃោរឃៅ និងរំលោភសេពសន្ថវៈ” តាមបញ្ញត្តិមាត្រា២០៥ នៃ ក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីគាត់បានសម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយយកសាកសពទៅបោះចោលនៅក្នុងព្រៃត្រែង ស្ថិតនៅក្នុងសង្កាត់ព្រែកឯង រួចជិះម៉តូគេចខ្លួនវិញ៕

អត្ថបទដែលជាប់ទាក់ទង