ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដឹកនាំរដ្ឋសភាមកពីគណបក្សនយោបាយតែមួយនោះ គឺមាន៨ លើកគិតតាំងពីឆ្នាំ១៩៥៥-១៩៥៨ ដែលមានសមាជិក ៩១រូប

268

ភ្នំពេញ៖ការដឹកនាំសភាមកពីគណបក្សនយោបាយតែមួយក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ គឺជាលើកទី៨ហើយនៃប្រវត្តិរដ្ឋសភាខ្មែរ ដែលដឹកនាំដោយគណបក្សនយោបាយតែមួយ គិតចាប់តាំងពីថ្ងៃនៃការកកើតរដ្ឋសភានៅឆ្នាំ១៩៤៦។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥កញ្ញានេះសភានីតិកាលទី៦ លេចចេញជារូបរាងហើយ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ។ រង់ចាំអស់រយៈពេលជាង១ខែក្រោយពេលបោះឆ្នោតនោះ រដ្ឋសភានីតិកាលថ្មី លេចចេញជារូបរាងនៅថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះហើយ ហើយក៏ជាថ្ងៃនឹងបានឃើញវត្តមានតំណាងរាស្ត្រទាំង១២៥រូបមកពីគណបក្សប្រជាជនកម្ពុជា ដែលនឹងធ្វើការបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងអាណត្តិទី៦ រយៈពេល៥ឆ្នាំផងដែរ។

សូមរំលឹកពីប្រវត្តិនៃការដឹកនាំរដ្ឋសភាមកពីគណបក្សនយោបាយតែមួយនោះរួមមាន៖ រដ្ឋសភាពីឆ្នាំ១៩៥៥-១៩៥៨ មានសមាជិក ៩១រូប, រដ្ឋសភាពីឆ្នាំ១៩៥៨-១៩៦២ (ឆ្នាំដំបូងដែលស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោត) មានសមាជិក ៦១រូប, រដ្ឋសភាពីឆ្នាំ១៩៦២-១៩៦៦ មានសមាជិក ៧៧រូប, រដ្ឋសភាពីឆ្នាំ១៩៦៦-១៩៧២ មានសមាជិក ៨២រូប, សភាជាតិរបស់របបសាធារណរដ្ឋខ្មែរពី១៩៧២-១៩៧៥ មានសមាជិក ១២៦រូប, សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ មានសមាជិក ២៥០រូប, សភាសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១-១៩៩៣ មានសមាជិក ១១៧រូប។

ប្រវត្តិសង្ខេបនៃសភាកម្ពុជា៖

រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៥រូបនាពេលបច្ចុប្បន្ន ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំងក្នុងអាណត្តិ ៥ឆ្នាំម្តង ដែលចែកជាតំណាង ខេត្ត-រាជធានីទាំង ២៥ ពី១ ទៅ១២អាសនៈ។ គណបក្សនយោបាយសំឡេងភាគច្រើនដែលមានអាសនៈយ៉ាងហោច៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាល។

ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំឲ្យមានការបោះឆ្នោតសាកលលើកដំបូងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦។ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំងសមាជិកសភាធម្មនុញ្ញ៦៧រូប មានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧។

ការជ្រើសតាំងសមាជិករដ្ឋសភា ក៏ដូចជាដំណើរការនៃរដ្ឋសភាក៏ត្រូវបានប្រែប្រួលគ្នាទៅតាមរបបដឹកនាំក្នុងសម័យកាលនីមួយៗផងដែរ។ យោងតាមសាវតារបស់រដ្ឋសភាកម្ពុជា ដែលត្រូវបានកត់ត្រា និងផ្សព្វផ្សាយលើគេហទំព័ររដ្ឋសភាបានឲ្យដឹងថា៖

សភាធម្មនុញ្ញពីឆ្នាំ១៩៤៦-១៩៤៧ មានសមាជិក ៦៧រូប មកពីពហុបក្សរដ្ឋសភាពីឆ្នាំ១៩៤៧-១៩៥១ មានសមាជិក ៧៥រូប មកពីពហុបក្ស។

រដ្ឋសភាពីឆ្នាំ១៩៥១-១៩៥៣ មានសមាជិក ៧៨រូប មកពីពហុបក្ស។

រដ្ឋសភាពីឆ្នាំ១៩៥៥-១៩៥៨ មានសមាជិក ៩១រូប មកពីគណបក្សនយោបាយតែមួយ។រដ្ឋសភាពីឆ្នាំ១៩៥៨-១៩៦២ (ឆ្នាំដំបូងដែលស្ត្រីខ្មែរមានសិទ្ធិបោះឆ្នោត) មានសមាជិក ៦១រូប មកពីគណបក្សនយោបាយតែមួយ។រដ្ឋសភាពីឆ្នាំ១៩៦២-១៩៦៦ មានសមាជិក ៧៧រូប មកពីគណបក្សនយោបាយតែមួយ។រដ្ឋសភាពីឆ្នាំ១៩៦៦-១៩៧២ មានសមាជិក ៨២រូប មកពីគណបក្សនយោបាយតែមួយ។សភាជាតិរបស់របបសាធារណរដ្ឋខ្មែរពី១៩៧២-១៩៧៥ មានសមាជិក១២៦រូប មកពីបក្សតែមួយ។

សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ មានសមាជិក ២៥០រូប មកពីបក្សតែមួយ។ សភានេះត្រូវបានបោះឆ្នោតនៅថ្ងៃទី២០ខែមីនា ឆ្នាំ១៩៧៦។សភាសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១-១៩៩៣ មានសមាជិក១១៧រូប មកពីគណបក្សបក្សនយោបាយតែមួយ។សភាធម្មនុញ្ញឆ្នាំ១៩៩៣ មានសមាជិក១២០រូប មកពីពហុបក្ស។

រដ្ឋសភានីតិកាលទី១ (របបរាជាលើកទី២) ពីឆ្នាំ១៩៩៣-១៩៩៨ មានសមាជិក ១២០រូប មកពីពហុបក្ស។រដ្ឋសភានីតិកាលទី២ ពីឆ្នាំ១៩៩៨-២០០៣ មានសមាជិក១២២រូប មកពីពហុបក្ស។

រដ្ឋសភានីតិកាលទី៣ ពីឆ្នាំ២០០៣-២០០៨ មានសមាជិក១២៣រូប មកពីពហុបក្ស។រដ្ឋសភានីតិកាលទី៤ ពីឆ្នាំ២០០៨-២០១៣ មានសមាជិក១២៣រូប មកពីពហុបក្ស។រដ្ឋសភានីតិកាលទី៥ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន មានសមាជិក១២៣រូប មកពីពហុបក្ស។

ដូចបណ្តាអាណត្តិកន្លងទៅដែរដោយអនុលោមតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ការបើកសម័យប្រជុំលើកដំបូងនីតិកាលថ្មីនៃរដ្ឋសភានៅថ្ងៃទី០៥ ខែកញ្ញានេះ ធ្វើឡើងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ក្រៅពីសមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងថ្ងៃនេះ ចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពលោក ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។

លុះនៅពេលរសៀលតំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រខ្មែរមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។

ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។

គួតបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋជិត ៧លាននាក់បានចេញទៅបោះឆ្នោតស្មើនឹងជាង ៨៣ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបក្នុងបញ្ជីបោះឆ្នោតដែលមានជាង ៨លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋចេញទៅបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ទទួលបានការបោះឆ្នោតគាំទ្រច្រើនលើសលុបរហូតដល់ជាង ៤លាននាក់ ឈានទៅគ្រប់គ្រងអាសនៈនៅរដ្ឋសភាទាំង ១២៥តែម្តង៕

អត្ថបទដែលជាប់ទាក់ទង