ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ប្រាក់ សុខុន និង រដ្ឋមន្ត្រីក្រសួង ការបរទេសជប៉ុន បានពិភាក្សា អំពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា អាស៊ាន មានតួនាទីសំខាន់ក្នុងការជួយមីយ៉ាន់ម៉ា

367

 

ភ្នំពេញ ៖ ការសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម HAYASHI Yoshimasa បានពិភាក្សាយ៉ាងច្រើនអំពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា អាស៊ានមានតួនាទីសំខាន់ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកវិធីសាស្រ្តដោះស្រាយវិបត្តិដោយសន្តិវិធី ហើយការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ គួរតែត្រូវបានអនុវត្តឲ្យបានពេញលេញ ដោយគ្មានការពន្យារពេលយូរតទៀត។

ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការអបអរសាទរជាថ្មីចំពោះការចូលកាន់តំណែង របស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសជប៉ុន និងបានរំលឹកអំពីការរួមចំណែកដ៏សំខាន់របស់ប្រទេសជប៉ុនចំពោះសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានបន្តជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីត-១៩ រួមទាំងតាមរយៈការផ្តល់ឧបករណ៍ពេទ្យ និងវ៉ាក់សាំង។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះការរីកលូតលាស់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ហើយបានឯកភាពគ្នាថា ឆ្នាំ២០២៣ គឺជាពេលវេលាដ៏សំខាន់សម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងផ្លូវការរវាងប្រជាជាតិទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើវិស័យនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមមានការអភិវឌ្ឍកំពង់ផែសមុទ្រក្រុងព្រះសីហនុ ការសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បន្ទាប់ពីការបន្ធូរបន្ថយការ រឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។

ក្នុងវិស័យនយោបាយ-សន្តិសុខ ឯកឧត្តម HAYASHI Yoshimasa បានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជា ក្នុងការរួមចំណែកដល់ថែរក្សាសន្តិភាពអន្តរជាតិ និងបានសន្យាថា នឹងគាំទ្រកម្ពុជាបន្ថែមទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

ឯកឧត្តម ប្រាក់ សុខុន ថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រលើការកសាងសមត្ថភាព ដល់កងរក្សាសន្តិភាពរបស់កម្ពុជា និងបានយល់ស្របជាមួយ ឯកឧត្តម HAYASHI Yoshimasa ថា ប្រទេសទាំងពីរគួរបន្តដំណើរការផ្លាស់ប្តូរទស្សនកិច្ចឡើងវិញ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងការថែរក្សាសន្តិភាព។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការពិគ្រោះយោបល់កម្រិតខ្ពស់ និងសកម្ម ដែលកំពុងបន្តអនុវត្តរវាងក្រសួងការបរទេសទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការលើការកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
ក្រៅពីទំនាក់ទំនងទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានសម្តែងបំណង ដូចគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះជំនួយរបស់ជប៉ុន និងការអះអាងគាំទ្រឲ្យបានជោគជ័យនូវតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ជប៉ុន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ នៅប្រទេសជប៉ុន។

ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម HAYASHI Yoshimasa បានពិភាក្សាយ៉ាងច្រើនអំពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា អាស៊ានមានតួនាទីសំខាន់ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកវិធីសាស្រ្តដោះស្រាយវិបត្តិដោយសន្តិវិធី ហើយការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ គួរតែត្រូវបានអនុវត្តឲ្យបានពេញលេញ ដោយគ្មានការពន្យារពេលយូរតទៀត។

នៅពេលបញ្ចប់កិច្ចសន្ទនា ឯកឧត្តម HAYASHI Yoshimasa បានជូនពរឲ្យកម្ពុជាទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២២ និង ក្នុងការដឹកនាំដំណើរការអាស៊ាននៅឆ្នាំ២០២២៕

 

អត្ថបទដែលជាប់ទាក់ទង