ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាក់កម្ចីរបស់ ADB ចំនួន ១៨០ លានដុល្លារ ដើម្បីកែលម្អសេវាកម្មទីក្រុង នៅកម្ពុជា

76

ភ្នំពេញ៖ (១៩ វិច្ឋិកា ២០២១) — ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ បាន អនុម័ត​ប្រាក់កម្ចីចំនួន ១៨០ លានដុល្លារ ដើម្បីជួយដល់ក្រុងចំនួន ៣ នៅ​កម្ពុជា​ ធ្វើឱ្យប្រសើរនូវហេដ្ឋា រចនាសម្ព័ន្ធទីក្រុង និង បង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។

គម្រោងវិនិយោគដើម្បីទីក្រុងដែលអាចរស់នៅបាន​ (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់នៅក្រុងបាវិត​ កំពត និង ប៉ោយប៉ែត ឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និង​ សំណល់រឹងបានល្អប្រសើរ។ វានឹងជួយទីក្រុងទាំងនេះកាត់បន្ថយទឹកជំនន់​ តាមរយៈ​ការធ្វើឱ្យ ប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង​ និង ប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។

 

លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានមានប្រសាសន៍ថា          “ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនកំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ​ [secondary cities] ប៉ុន្តែ លទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ​ ​បានធ្វើឱ្យជីវភាពរស់ នៅកាន់តែពិបាក និង ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង។ គម្រោងនេះនឹងជួយរាជរដ្ឋាភិបាល ធ្វើឱ្យ ប្រសើរឡើងនូវការគ្រប់គ្រង​ទឹកស្អាត អនាម័យ និងកាកសំណល់ និង លើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព​ សេដ្ឋកិច្ច និង ផលប៉ះ ពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។ វាក៏នឹងជួយអជ្ញាធរក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ។”

 

ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងនៅកម្ពុជាបានកើនឡើងដល់ ៦ លាននាក់ក្នុងឆ្នាំ ២០១៩ ពី ២,៦ លាននាក់ក្នុងឆ្នាំ ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាលក្រុង​ ក្នុងការផ្តល់សេវាកម្ម។ នៅឆ្នាំ ២០១៩ ប្រមាណ ៤៧% នៃប្រជាពលរដ្ឋរស់នៅតាមទីក្រុងនៅប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់ ទឹកស្អាតតាមលំនៅដ្ឋាន។​​ ទឹកលូដែលមិនបានសម្អាត ជាទូទៅ ត្រូវបង្ហូរទៅក្នុងទីចំហ តាមរយៈលូរួម និង លូទឹកបង្កប់តាមផ្លូវ ឬ ដោយប្រយោលតាមប្រឡាយចំហ។ សេវាកម្មសម្អាតសំណល់រឹងក៏នៅមានកម្រិត។ មួយភាគធំនៃសំណល់រឹងត្រូវបានទុកចោល ចាក់ចូលក្នុងប្រឡាយចំហ​ ទីវាល ឬ ដុតចោល។

 

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជាឆ្នាំ ២០១៩-២០២៣ មានគោលបំណងដោះស្រាយ បញ្ហាប្រឈមទាំងនោះ។ ផែនការនេះផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ​ ហើយកំណត់ទិសដៅជាតិសម្រាប់ក្រុងទាំងអស់ ដើម្បីទទួលបាន ទឹកស្អាតត្រឹមឆ្នាំ ២០២៥ និង​ ពង្រឹងការគ្រប់គ្រងកាកសំណល់រឹង។

 

យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ គាំទ្រដល់ កំណើនសេដ្ឋកិច្ចនៅតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion) ដែលរួមមានក្រុងបាវិត​ កំពត និង ប៉ោយប៉ែត។ ក្រុងបាវិត និង ប៉ោយប៉ែត គឺជាច្រកចូលទៅកាន់ប្រទេសវៀតណាម និង ប្រទេសថៃ ​ហើយទីក្រុងកំពង់ផែកំពតបានក្លាយជាគោលដៅទេសចរណ៍។

 

នៅក្រុងបាវិត និង ប៉ោយប៉ែត គម្រោងនេះនឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និង ការ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀងថ្មី​ និង កន្លែងចាក់សំរាម។ នៅក្រុង កំពតគម្រោងនេះនឹងពង្រីកបណ្តាញលូទឹកស្អុយ​ និង គាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការ ផ្តល់សេវាកម្មគ្រប់គ្រាន់។

 

គម្រោងនេះក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ​ ដើម្បីបង្កើនការប្រមូលចំណូលដោយរដ្ឋបាលក្រុង​ ដែល កំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ឧបត្ថម្ភធនពីរដ្ឋបាលថ្នាក់ជាតិដើម្បីផ្តល់សេវាកម្ម។ ផែនទីបង្ហាញផ្លូវនឹង រួមបញ្ចូលកំណែទម្រង់ពន្ធគយដើម្បីចំណាយលើប្រតិបត្តិការ និង ការថែទាំទីក្រុង​ និង ផែនការដើម្បី​ធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព រួមទាំងការវាយតម្លៃអំពីឱកាសសម្រាប់ការចូលរួមពីវិស័យ ឯកជន។

 

គម្រោងថ្មីរបស់ ADB នេះ នឹងត្រូវបានគាំទ្រដោយជំនួយបច្ចេកទេសចំនួន ២ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ​ (Japan Fund for Poverty Reduction)។ ជំនួយបច្ចេក ទេសនេះនឹងផ្តោតលើការអភិវឌ្ឍ ទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ​ រួមទាំងការធ្វើ ឱ្យប្រសើរឡើងនូវផែនការប្រើប្រាស់ដីក៏ដូចជាសមត្ថភាពស្ថាប័ន និង អភិបាលកិច្ច។ ធនាគារអភិវឌ្ឍន៍ អាស៊ី នឹងធ្វើការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់​ ក្នុងការសម្របសម្រួលជាមួយទីក្រុង ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ​ ដើម្បីធ្វើកំណែទម្រង់ច្បាប់និងគោលនយោបាយជាតិ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ។

អត្ថបទដែលជាប់ទាក់ទង