ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយ:ពេល ៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ មានអ្នកទេសចរជាង១១ម៉ឺននាក់ ទៅកំសាន្ដនៅខេត្ដសៀមរាប

234

ខេត្ដសៀមរាប : ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ប្រមាណជាង១១ម៉ឺននាក់ បានទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប សម្រាប់រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងរយ:ពេល៣ថ្ងៃមកនេះ អ្នកទេសចរទៅកំសាន្ដនៅខេត្ដនេះ មានជាង១១ម៉ឺននាក់ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណជា ១១៧,០០០នាក់ ដែលភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% ដែលស្មើប្រមាណជា ៨០,០០០ទៅ៩០,០០០នាក់ ហើយពួកគាត់បានធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។ តំបន់រមណីយដ្ឋានទេសចរណ៍ ដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩,០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១២,៧០០នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥,៣០០នាក់។ ជាមួយគ្នានោះ ភ្ញៀវទេសចរបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ទៅដើរកំសាន្ដនៅខេត្ដសៀមរាបមានចំនួន ១,១៤៦នាក់ផងដែរ។

តាមរបាយការណ៍ដ ដែលបានបញ្ជាក់ថា នៅថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យ គឺថ្ងៃទី១៨ ខែវិច្ឆិកាមានអ្នកទេសចរទៅកំសាន្ដមានចំនួនជាង ១៥ពាន់នាក់(១៥,២៦០ នាក់) ក្នុងនោះភ្ញៀវអន្ដរជាតិចំនួន២៦០នាក់។ នៅថ្ងៃទី១៩ ខែវិច្ឆកា មានអ្នកទេសចរជាង ៤ម៉ឺននាក់(៤៧,៧០២ នាក់) និងភ្ញៀវបរទេសជាង ៧០០នាក់ និងសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកានេះ មានចំនួនជាង ៥៥ពាន់នាក់(៥៥,១៨៤នាក់) និងភ្ញៀវអន្ដរជាតិមានចំនួន ១៨៤នាក់។ ដូចនេះសរុបរយ:ពេល ៣ថ្ងៃនេះ មានចំនួនប្រមាណ ១១៨,១៤៦នាក់ ខណ:ដែលភ្ញៀវអន្ដរជាតិស្នាក់នៅក្នុងប្រទេសកម្ពុជាមានចំនួន ១,១៤៦នាក់។

គួរកត់សំគាល់ថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិសម្រុកទៅទស្សនាខេត្ដសៀមរាបអង្គរនេះ ក្រោយពេលដែលរាជរដ្ឋាភិបាល បានសម្រេចប្រកាសបើកទេសចរណ៍ឡើងវិញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ការបើកទេសចរណ៍ចូលមកប្រទេសកម្ពុជានេះ ចំពោះភ្ញៀវទេសចរអន្ដរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពេញលេញ៕

អត្ថបទដែលជាប់ទាក់ទង