ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំអាស៊ាន-ចិន បានឯកភាព បង្កើតភាព ជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ

78

 

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បី រំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញ របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាននៃ កិច្ចប្រជុំនេះ។

កិច្ចប្រជុំកំពូលពិសេសនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលឡើងវិញនូវសមិទ្ធផលសំខាន់ៗ នៅក្នុងគ្រប់វិស័យនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ជាង៣០ឆ្នាំកន្លងមកនេះ ចាប់តាំងពីឆ្នាំ ១៩៩១ មក។ ថ្នាក់ដឹកនាំអាស៊ាន-ចិន បានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយការទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនងដែលបកប ដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក នឹងបានរួមចំណែក ដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។

ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានដាក់សំណើដែលមានប្រាំចំណុច ដើម្បីពង្រឹងទំនាក់ទំនង អាស៊ាន-ចិន រួមមាន ១) កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជា ស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងក្នុង ការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ២) កសាងផ្ទះមួយដែលមានសន្តិសុខជាមួយគ្នា ជាមួយការប្ដេជ្ញាចិត្តរបស់ចិន ដើម្បីគាំទ្រចំពោះរបាំងការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ៣) កសាងផ្ទះមួយដែលមានវិបុលភាពជាមួយគ្នា ខ ផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់ ១,៥ ប៊ីលានដុល្លាអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញ ។

ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ៤) កសាងផ្ទះដ៏ ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយលើការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗ និង ៥) កសាងផ្ទះមួយដែល ប្រកបដោយមេត្រីភាពជាមួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំវ័យក្មេង។

សម្រាប់បញ្ហាសន្តិសុខ-នយោបាយ ថ្នាក់ដឹកនាំអាស៊ាន-ចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ ខ្លួន ចំពោះពហុភាគីនិយម និងការថែរក្សាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ដែលបើកចំហ និង ប្រកបដោយបរិយាប័ន្ន។ អាស៊ានបានសម្តែងការកោតសរសើរចំពោះចិនដែលបានគាំទ្រដល់មជ្ឈភាព អាស៊ាន និងតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្ត ដើម្បីឆ្លើយតបទៅ នឹងការប្រឈមរបស់តំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការនៅ ក្នុងវិស័យពាក់ព័ន្ធនានា ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដើម្បីអភិវឌ្ឍជំនឿទុកចិត្តជាយុទ្ធសាស្ត្រដែលបានលើកកម្ពស់រួច និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅក្នុងចំណោមប្រទេសនានានៅក្នុងតំបន់។

នៅក្នុងការដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ អាស៊ាន-ចិន ក្រោយជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង រួមទាំងតាម រយៈការគាំទ្រក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) ផងដែរ។ ថ្នាក់ដឹកនាំ បានចែករំលែកទស្សនៈដែល ការផ្តល់សច្ចាប័ន និងការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) ឱ្យបានឆាប់រហ័ស នឹងពន្លឿនដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។

ថ្នាក់ដឹកនាំអាស៊ាន និងចិន ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់ភាពជាដៃគូ អាស៊ាន-ចិន ដល់កម្រិតថ្មី តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុង វិស័យនានា ដូចមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បី រំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន៖ ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយសម្រាប់សន្តិភាព សន្តិសុខ វិបុលភាព និងនិរន្តរភាព។ ក្នុងចំណោមវិស័យផ្សេងៗទៀត ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់លើកិច្ចសហការគ្នាក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក សន្តិសុខអ៊ីនធឺណិតនិងទិន្នន័យ ភាពជាដៃគូកាន់តែជិតស្និទ្ធក្នុងវិស័យវិទ្យាសាស្ត្រ ការអភិវឌ្ឍបច្ចេក វិទ្យានិងនវានុវត្តន៍ បច្ចេកវិទ្យាថាមពលថ្មីនិងការវិនិយោគបៃតង ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្ដូរ រវាងប្រជាជននិងប្រជាជន។

នៅក្នុងកិច្ចប្រជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចិនចំពោះការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិរបស់ខ្លួន ក្នុងការកសាងសង្គមមួយប្រកបដោយវិបុលភាពក្នុងកម្រិតមធ្យម និងវឌ្ឍនភាព ប្រកបដោយស្ថិរភាព ឆ្ពោះទៅរកគោលដៅសតវត្សរ៍ទីពីររបស់ខ្លួន។ សម្តេចតេជោ ក៏មានថ្លែងអំណគុណដល់ចិន ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធ្វើឱ្យមានភាពរស់រវើកឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ក៏ដូចជានៅក្នុង តំបន់ និងពិភពលោកទាំងមូល។ សម្តេចតេជោ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល របស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ព្រោះថា គំនិតផ្ដួចផ្ដើមនេះ នឹងក្លាយជាការគាំទ្រដ៏សំខាន់ មួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច-សង្គម ក្រោយពីជំងឺកូវីដ-១៩ និង ការលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ សម្តេចតេជោ បានសម្តែងក្តីសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។

ចំពោះវិស័យសេដ្ឋកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ចិន ឱ្យគាំទ្រដល់ការចាប់ផ្ដើមឡើងវិញនៃការធ្វើដំណើររវាងអាស៊ាន និងចិន ដើម្បីពង្រឹង និងលើកកម្ពស់វិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់ ស្របតាមស្មារតីនៃសេចក្តី ថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការបន្ស៊ីគ្នារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ សម្តេចតេជោ បានលើកទឹកចិត្តដល់ ភាគីទាំងពីរ អាស៊ាននិងចិន ឱ្យព្យាយាមទាញយកផលប្រយោជន៍ជាអតិបរមាពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងនាំមកនូវវិបុលភាព រួម ស្របតាមចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ២០៣០។

ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការថែរក្សាប្រព័ន្ធពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដោះស្រាយរាល់ បញ្ហាប្រឈមរួមនៅក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី ឈរលើស្មារតីជឿជាក់ និងទំនុកចិត្ត រវាងគ្នាទៅវិញទៅមក។ សម្តេចតេជោ ក៏បានសម្តែងនូវការគាំទ្រផងដែរចំពោះគំនិតផ្តួចផ្តើមដើម្បី អបអរសាទរខួបលើកទី២០ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដ ភាគីនៅសមុទ្រចិនខាងត្បូង (DOC) នៅឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង