ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ក្រោមមូលបទ «ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩»

79

 

(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ក្រោមមូលបទ «ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩» (Sustainable Development in a post-COVID-19 World) ដែលជាព្រឹត្តិការណ៍អមមួយនៃ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។

យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការបរទេស ដែលជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័ន រៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ បានដឹកនាំក្រុមការងារអន្តរក្រសួង/ស្ថាប័នកម្ពុជា ជួបប្រជុំជាមួយក្រុមការងារមូលនិធិអាស៊ី-អឺរ៉ុប (ASEF) តាមប្រព័ន្ធវីដេអូជាច្រើនលើកប្រកបដោយផ្លែផ្កា ដើម្បីជំរុញឱ្យ ASEFYLS4 ទទួលបានភាពជោគជ័យក្នុងកម្រិតខ្ពស់។

កិច្ចប្រជុំកំពូលនេះផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហ-ប្រជាជាតិ ចំនួន៤ រួមមាន៖ SDG3 សុខភាព និងសុខុមាលភាពមាំមួន (Good Health & Wellbeing) SDG4 ការអប់រំប្រកបដោយគុណភាព (Quality Education) SDG8 ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (Decent Work & Economic Growth) និង SDG13 សកម្មភាពបរិស្ថាន(Climate Action) ដោយចែកចេញជា ៤ដំណាក់កាលរួមមាន៖

*ដំណាក់កាលទី១៖ ការជ្រើសរើស និងបណ្ដុះបណ្ដាលយុវជនបង្គោល(Navigators Selecting and Trainings)
ASEF បានជ្រើសរើសយុវជនបង្គោល (Navigators) ចំនួន១៥ រូប ក្នុងនោះមានយុវជនកម្ពុជាចំនួន ៤រូប ផងដែរ ឱ្យទទួលបានការបណ្ដុះបណ្ដាលតាមប្រព័ន្ធវីដេអូ ដោយផ្ដោតលើមូលបទនៃ ASEFYLS4 ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ០៤ខាងលើ ដើម្បីត្រៀមខ្លួនចូលរួមឱ្យបានយ៉ាងសកម្មក្នុងកម្មវីធីនានានៃកិច្ចប្រជុំ ASEFYLS4។

*ដំណាក់កាលទី២៖ ការកសាងចំណេះដឹង (Knowledge Building)
យុវជនចំនួនប្រមាណ ១៨០រូប ក្នុងនោះយុវជនកម្ពុជាមានចំនួន ២៦រូប ត្រូវបានជ្រើសរើសមកពីប្រណ្ដាប្រទេសអាស៊ី-អឺរ៉ុបចំនួន ៥១ប្រទេស និងបានទទួលបានការបណ្ដុះបណ្ដាល ដើម្បីកសាងចំណេះដឹងលើប្រធានបទជាច្រើន។

*ដំណាក់កាលទី៣៖ ការអនុវត្ដសកម្មភាពនៃភាពជាអ្នកដឹកនាំ (Leadership in Action)
គម្រោងចំនួន១៥ នៃការអនុវត្ដសកម្មភាពនៃភាពជាអ្នកដឹកនាំ Leadership in Action ដែលបង្កើតឡើងដោយយុវជនដែលចូលរួម ASEFYLS4 សម្រាប់អនុវត្ដនៅក្នុងសហគមន៍តាមបណ្តាប្រទេសអាស៊ី-អឺរ៉ុបក្នុងឆ្នាំ២០២១ នេះ។

*ដំណាក់កាលទី៤៖ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4)
កិច្ចប្រជុំ ASEFYLS4 នឹងប្រព្រឹត្តិទៅស្របពេលជាមួយគ្នានៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដោយផ្តោតសំខាន់លើសេចក្តីថ្លែងការណ៍របស់យុវជន ក៏ដូចជាវេទិកាជំនួបពិភាក្សារវាងយុវជន និងប្រមុខរដ្ឋ/ រដ្ឋាភិបាល ការធ្វើបទបង្ហាញរបស់យុវជនលើប្រធានបទនានា និងរបាយការណ៍របស់យុវជនពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ។

ស្របតាមដំណាក់កាលទី៣ ដែលជាការអនុវត្ដសកម្មភាពនៃភាពជាអ្នកដឹកនាំ (Leadership in Action) យុវជនអាស៊ី-អឺរ៉ុប, លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំដាំដើមឈើសាមគ្គីភាពយុវជនអាស៊ី-អឺរ៉ុប ចំនួន៥៣ដើម តំណាងឲ្យប្រទេសអាស៊ី-អឺរ៉ុប ទាំង៥១ និងស្ថាប័នចំនួន២ គឺលេខាធិការដ្ឋានអាស៊ាន និងគណកម្មការអឺរ៉ុប នៅមុខប្រាសាទអង្គរវត្ត នៃខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ដោយមានការចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន, លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ, លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក លោកស្រី ដែលជាអង្គទូតនៃប្រទេសអាស៊ី-អឺរ៉ុបប្រចាំកម្ពុជាជាច្រើនរូប និងយុវជន ASEF ព្រមទាំងសមាជិកក្រុមការងាររៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ជាច្រើនរូបទៀត សរុបប្រមាណ២០០នាក់។

ដើមឈើទាំង៥៣ដើមនេះ បង្ហាញអំពីសាមគ្គីភាពគ្នារវាងយុវជន អាស៊ី-អឺរ៉ុប ក៏ដូចជាបង្ហាញអំពីកិច្ចសហប្រតិបត្តិការល្អរវាងបណ្ដាប្រទេសអាស៊ី-អឺរ៉ុបទាំង៥១ និងបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ក្នុងនាមជាថ្នាក់នាំយុវជន ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពទី១៣ ផ្ដោតលើសកម្មភាពបរិស្ថាន (Climate Action) ជាបញ្ហាសកលដែលត្រូវរួមគ្នាដោះស្រាយ។

ដោយឡែកនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាថ្ងៃបើកកិច្ចប្រជុំ ASEFYLS4 ដែលប្រព្រឹត្តិទៅចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាកម្មវីធីស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃកម្មវិធីនានារបស់កិច្ចប្រជុំ ASEFYLS4។ ASEFYLS4 ផ្តោតសំខាន់លើសេចក្តីថ្លែងការណ៍របស់យុវជន ក៏ដូចជាវេទិកាជំនួបពិភាក្សារវាងយុវជន និងប្រមុខរដ្ឋ/រដ្ឋាភិបាល ការធ្វើបទបង្ហាញរបស់យុវជនលើ ប្រធានបទនានា និងរបាយការណ៍របស់យុវជនពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ។

ពិធីបើកកិច្ចប្រជុំ ASEFYLS4 នេះ បានប្រព្រឹត្តិទៅប្រកបដោយផ្លែផ្កា និងភាពជោគជ័យខ្ពស់ តាមរយៈប្រព័ន្ធវីដេអូ ដោយបានចាប់ផ្ដើមឡើងដោយសុន្ទរកថាស្វាគមន៍របស់ លោក Ambassador Toru Morikawa នាយកប្រតិបត្តិ នៃមូលនិធិ អាស៊ី-អឺរ៉ុប និងសន្ទរកថាបើកដ៏មានតម្លៃរបស់ លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជន អាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមានការចូលរួមពី លោក សុខ សូកេន ប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័ន រៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ និងថ្នាក់ដឹកនាំ សមាជិកក្រុមការងារអន្តរក្រសួង-ស្ថាប័នជាច្រើនរូប និងយុវជន ASEF សរុបចំនួនប្រមាណ២០០នាក់ មកពី៥១ប្រទេស ក្នុងតំបន់អាស៊ី-អឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង