ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ផ្ដល់អនុសាសន៍ឱ្យនិស្សិតខ្មែរ ដែលសិក្សានៅរុស្ស៉ី ជួយផ្សព្វផ្សាយពីទេសចរណ៍ជាតិ និងយកចំណេះដឹងមកបម្រើជាតិមាតុភូមិវិញ

28
ភ្នំពេញ៖ ឯកឧត្ដម ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីនៃក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ល្អៗមួយចំនួន ដល់ក្រុមនិស្សិតខ្មែរដែលត្រូវទៅសិក្សាបន្តនៅសហព័ន្ធរុស្ស៉ី ក្នុងនោះឯកឧត្ដមបានណែនាំឱ្យពួកគេជួយផ្សព្វផ្សាយ អំពីវិស័យទេសចរណ៍ជាតិទៅកាន់មិត្តភក្តិក្នុងសាលា ក៏ដូចជានាឱកាសកម្មវិធីនានាក្នុងពេលសិក្សានៅប្រទេសរុស្ស៉ីនោះ ពិសេសបំផុតគឺត្រូវខិតខំសិក្សាឱ្យបាន ជាចំណេះដឹង ហើយយកចំណេះដឹងទាំងនោះ ត្រលប់មកបម្រើការងារជួយជាតិមាតុភូមិកម្ពុជាវិញ។
ការផ្ដល់អនុសាសន៍បែបនេះ ធ្វើឡើងក្នុងពេលដែលឯកឧត្ដមរដ្ឋមន្ត្រីស្ដីទី ទិត ចន្ថា ទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសរុស្ស៉ី នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងទេចរណ៍ ដើម្បីទទួលបាននូវអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងដើម្បីទទួលបាននូវឯកសារនានា សម្រាប់ការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅកម្ពុជា។
នាឱកាសនោះ ឯកឧត្ដម ទិត ចន្ថា បានលើកបង្ហាញ ប្រាប់ក្រុមនិស្សិតកម្ពុជាអំពីសារសំខាន់នៃវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាពមួយក្នុងការជំរុញ នូវការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ ព្រមទាំងបានជួយផ្សព្វផ្សាយ អំពីកិត្យានុភាពជាតិ ពិសេសគឺបានជំរុញការអភិវឌ្ឍប្រទេសជាតិ បានមួយកម្រិតផងដែរ។ ឯកឧត្ដមថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពក្រោម ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យវិស័យទេសចរណ៍ មានការអភិវឌ្ឍជាលំដាប់ ក្នុងនោះកម្ពុជាធ្លាប់ទទួល បានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ កាលពីឆ្នាំ២០១៩កន្លងទៅ ជាមួយនឹងការទទួលបានប្រាក់ចំណូល ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិរាប់លានដុល្លារ និងបង្កើតឱកាសការងាររាប់ម៉ឺនដល់ប្រជាជន។ ក៏ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ១៩ វិស័យទេសចរណ៍ ក៏ដូចជាវិស័យផ្សេងទៀតក៏បានរងនូវវិបត្តិធ្ងន់ធ្ងរ។
ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទីបានបន្តទៀតថា ក្រោមការដឹកនាំគិតគូរយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានខិតខំទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះសម្ដេចតេជោបានដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីការពារទប់ស្កាត់ និងគ្រប់គ្រងនូវការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ពិសេសគឺការជំរុញការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩រហូតដល់៣ដូសជូនប្រជាជននៅទូទាំងប្រទេស។ ជាមួយគ្នានោះដែរ វិស័យទេសចរណ៍ក៏ទទួលបាននូវការស្ដារ និងលើកស្ទួយឡើងវិញ ហើយចរន្តភ្ញៀវទេសចរក៏ចាប់ផ្ដើមមានសន្ទុះឡើងវិញ ជាក់ស្ដែងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងថ្ងៃឈប់សម្រាក៤ថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១លាននាក់ កើនឡើងខ្ពស់ជាងឱកាសផ្សេងៗ ក្នុងបរិបទជំងឺកូវីដ១៩នេះ។
ឯកឧត្ដម ទិត ចន្ថា ក៏បានយកឱកាសនេះ បញ្ជាក់ជូនក្រុមនិស្សិតខាងលើដែរថា ក្នុងចំណោមមន្ត្រីរាជការកម្ពុជាក៏មានអ្នកធ្លាប់ ទៅសិក្សានៅអតីតសហភាពសូវៀតដែរ ហើយក៏បានត្រលប់មកបម្រើជាតិមាតុភូមិវិញ ដូច្នេះក្រុមនិស្សិតដែលបានទៅសិក្សានៅក្រៅប្រទេសនេះ ក៏ត្រូវយកថ្នាក់ដឹកនាំជំនាន់មុនធ្វើជាគំរូ ពោលគឺត្រូវខិតខំសិក្សារៀនសូត្រ យកចំណេះដឹង គោរពវិន័យ រក្សាសេចក្ដីថ្លៃថ្នូរក្នុងភាពជាខ្មែរ រក្សាសាមគ្គីភាព ភាតរភាព ដើម្បីយកចំណេះដឹងទាំងនោះ ត្រលប់មកជួយធ្វើការបម្រើជាតិកម្ពុជាវិញ។ លោកបានបន្តណែនាំឱ្យក្រុមនិស្សិតត្រូវចេះដឹងគុណរាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈឱ្យពួកគេទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទីក៏បានណែនាំឱ្យក្រុមនិស្សិតជួយ ផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ សម្បត្តិវប្បធម៌ ក៏ដូចជាកិត្យានុភាពជាតិ ដែលជាផ្នែកមួយ នៃការជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ជាតិផងដែរ ពីព្រោះក្រុមនិស្សិតកម្ពុជានៅក្រៅប្រទេស ក៏អាចដើរតួជាទូតសុឆន្ទៈឱ្យប្រទេសកម្ពុជាផងដែរ។
លោក ណោង រិទ្ធី ប្រធានសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី បានថ្លែងថា សម្រាប់ឆ្នាំសិក្សា២០២១-២០២២ រដ្ឋាភិបាលសហព័ន្ធរុស្ស៉ីបានផ្ដល់អាហារូបករណ៍ មកកាន់រាជរដ្ឋាភិបាលកម្ពុជាចំនួន២៧កន្លែង ព្រមទាំង៤កន្លែងទៀតជាអាហារូបករណ៍ដាច់ដោយឡែករបស់សាលានៅប្រទេសរុស្ស៉ី សរុបប្រហែល៣០កន្លែង។ ចំពោះជំនាញសិក្សាមានដូចជាជំនាញវិស្វកម្មនុយក្លេអ៊ែរ វិស្វកម្មបច្ចេកវិទ្យា ទំនាក់ទំនងអន្តរជាតិ ក៏ដូចជាជំនាញវិស្វកម្មផ្សេងៗទៀត។
ក្នុងនាមជាប្រធានសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី បានបង្ហាញចំណាប់អារម្មណ៍ថា ប្រទេសរុស្ស៉ីជាអតីតសហភាពសូវៀតដែល មានភាពជឿនលឿនលើវិស័យបច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរ ការស្រាវជ្រាវ ដូច្នេះការសិក្សានៅប្រទេសរុស្ស៉ីគឺមានគុណភាពខ្ពស់ តួយ៉ាងដូចជាក្រុមនិស្សិតខ្មែរដែលបាន ទៅសិក្សានៅសម័យចាប់ពីសហព័ន្ធរុស្ស៉ីមក ដល់ពេលបច្ចុប្បន្ន គឺភាគច្រើនបំផុត ទទួលបានការងារធ្វើល្អ ប្រាក់ខែខ្ពស់ ពិសេសគឺបានចូលរួមដល់កិច្ចការអភិវឌ្ឍប្រទេសជាតិ។
សូមជម្រាបថា នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទី ទិត ចន្ថា ក៏បានប្រគល់ថវិកា ឧបត្ថម្ភរបស់ ក្រសួងទេសចរណ៍ចំនួន៥លានរៀល ដែលបានឧបត្ថម្ភជូនសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៉ី ក្នុងការចាត់ចែង ប្រើប្រាស់តាមសេចក្ដីត្រូវការជាក់ស្ដែង៕
អត្ថបទដែលជាប់ទាក់ទង