សម្ដេចតេជោ ហ៊ុន សែន ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ គឺជាស្ពានភ្ជាប់និស្ស័យ
ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ថែមឈ្មោះមួយទៀតដល់ ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) គឺ ស្ពាន ភ្ជាប់និស្ស័យ ខណៈស្ពាននេះជាស្ពានភ្ជាប់និស្ស័យមិត្តភាពកម្ពុជា-ចិន , ភ្ជាប់និស្ស័យអ្នកខេត្តកំពង់ចាម និងអ្នកខេត្តត្បូងឃ្មុំ , អ្នកស្រុកស្ទឹងត្រង់ និងអ្នកស្រុកក្រូចឆ្មារ និងភ្ជាប់និស្ស័យរវាងសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។
សម្តេចតេជោ មានជំនឿទុកចិត្ត ចំពោះការបើកប្រទេសលើកនេះ គឺមិនថយក្រោយ នោះទេ ព្រោះសម្តេច ជឿជាក់លើចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង ខណៈការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងប្រទេសបានជាង ១៤លាននាក់ហើយ ក្នុងចំណោមប្រជាជនជាង ១៦លាននាក់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនថាក្នុងកាលៈទេសៈណានោះឡើយ សម្តេចមិនឱនក្បាល ទទួលយកការគាបសង្កត់ ឬគំនាបពីប្រទេសណាមួយនោះទេ ខណៈការកាន់តំណែងនាយករដ្ឋមន្រ្តីរបស់សម្តេចនាពេលបច្ចុប្បន្ន និងអនាគត គឺកើតចេញពីការបោះឆ្នោតពីបងប្អូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ខណះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។
សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ក្នុង ពេលអាកាសធាតុចុះត្រជាក់ ចាប់ពី សប្ដាហ៍ទី១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២។
ដែលការលើកឡើងនេះសម្តេចបានប្រាប់ដល់ជនរួមជាតិតាំងពីមុនព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ មកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ អភិបាលរាជធានី-ខេត្ត រៀបចំអាវរងា ភួយ មុង ជូនចាស់ៗ ក្នុងពេល អាកាសធាតុចុះត្រជាក់ ចាប់ពីសប្តាហ៍ ទី១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។
ឆ្លើយតបចំពោះអ្នករិះគន់ ហើយមិនជាប់ឆ្នោតជានាយករដ្ឋមន្ត្រី កុំទៅឆ្ងល់អី ខណះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចកាន់តំណែងនាយករដ្ឋមន្រ្តីបាន យូរ ព្រោះតែសម្តេចមិនក្បត់រាជានិយម ហើយប្រជាពលរដ្ឋ ស្រឡាញ់ បោះឆ្នោតអោយ ។
នៅក្នុងពិធីសម្ពោធ ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) គឺ ស្ពាន« ភ្ជាប់និស្ស័យ» សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងអញ្ជើញទៅចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក នាទីក្រុងដាវូស ប្រទេសស្វីស នៅថ្ងៃទី១៧ ដល់ ២២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។
សម្តេចតេជោ ហ៊ុន សែន ស្នើខ្មែរនៅ អាមេរិកងើបឡើងប្រឆាំងនឹងទណ្ឌិត សម រង្សី ដែលព្រមានដកសញ្ជាតិ អាមេរិក។ សម្ដេចតេជោ ហ៊ុន សែន ថ្លែង ថា ក្រុមអ្នកនយោបាយប្រឆាំងខ្មែរ ស្គាល់ នយោបាយចិន និងអាមេរិក តិចពេក ហើយ គេមានវិធីសាស្ត្រគ្រប់គ្រង ទំនាក់ទំនងមិនឱ្យប៉ះទង្គិចគ្នាទេ។ យ៉ាប់តែខ្មែរឯងតើ ខ្លះនៅអាមេរិក មិនទាន់បានសញ្ជាតិអាមេរិកផង បែរជាអោយគេដកសញ្ជាតិអាមេរិកទៅលើអ្នកដទៃ ។ សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា, បើអាមេរិកចេះដកសញ្ជាតិ អាមេរិក មិនមែនអ្នកប្រជាធិបតេយ្យទេ ត្រូវចាំអោយច្បាស់។
សារយ៉ាងខ្លីឌឺទណ្ឌិត សម រង្ស៊ី សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ បើអ្នកណាចង់ធ្វើបាតុកម្មសូមអញ្ជើញទៅចុះ ក្នុងអំឡុងពេលដែលសម្តេចតេជោ ធ្វើដំណើរទៅកាន់ប្រទេសទីក្រុងដាវ៉ូស ប្រទេសស្វីសនាពេលខាងមុខនេះ ៕ សំរិត