ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការសម្រេចឃុំខ្លួន មន្រ្តីយោធា៤នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវចាប់ខ្លួន ពាក់ព័ន្ធបទល្មើស ជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង

51

ភ្នំពេញ ៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនមន្ដ្រីយោធាចំនួន៤នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង នាពេលកន្លងទៅ។

លោក ហម ម៉េងសែ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងអស់មានសរុបចំនួន៧នាក់ ដែលមានការពាក់ព័ន្ធ ក្នុងនោះបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ដំបូងចំនួន៣នាក់ ហើយមកក្រោយចំនួន៤នាក់ ប៉ុន្ដែបន្ទាប់ពីបញ្ចប់ការសួរនាំ បានសម្រេចឃុំខ្លួនចំនួន៤នាក់ ខណៈ៣នាក់ផ្សេងទៀតកំពុងបន្ដសួរនាំនៅឡើយ។

កាលពីម្សិលមិញ លោក ប្លង់ សុផល អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ករណីខាងលើនេះ តំណាងអយ្យការបានបើកការសើបសួរ ទៅចៅក្រមស៊ើបសួរពីបទ ជួញដូរនាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។

មន្រ្តីយោធាទាំងអស់៧នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធការជួញដូរអាវុធ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មន្ដ្រីយោធា២នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប និងម្នាក់ទៀតចាប់ខ្លួននៅលង្វែក (កំពង់ឆ្នាំង) និងបន្តតាមចាប់បានជាបន្តបន្ទាប់ទៀត។

មន្ត្រីយោធា៧នាក់ ដែលបានចាប់ខ្លួនរួមមាន៖
*ទី១៖ ឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ
*ទី២៖ មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង
*ទី៣៖ ជាមន្ត្រីយោធាធម្មតា រួមជាមួយមនុស្ស៤នាក់ផ្សេងទៀត។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធការចាប់ឃាត់ខ្លួននេះធ្វើឡើងដោយសហការរវាងកម្លាំងអាវុធហត្ថ ជាមួយកម្លាំងនគរបាល។ កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម៕

អត្ថបទដែលជាប់ទាក់ទង