ឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើអំពើហិង្សា ក្នុងគ្រួសារ វាយប្រពន្ធមួយដៃចំភ្នែកខាងស្ដាំ
ពោធិ៍សាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកបានចុះឃាត់ខ្លួនបុរសម្នាក់ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធមួយដៃចំភ្នែកខាងស្ដាំ នៅចំណុចភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ករណីហិង្សានេះបង្កឡើង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី ដោយឈ្មោះ យឿន ងី ភេទប្រុស អាយុ ៣៥ឆ្នាំ (ត្រូវជាប្ដី) រស់នៅភូមិឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹងហើយបានវាយប្រពន្ធឈ្មោះ នាង សុខលីន ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា ចំនួន ០១ដៃចំភ្នែកខាងស្តាំ(របួសស្រាល) ។
លោកអធិការបានបន្តទៀតថា ករណីហិង្សានេះ បណ្ដាលមកពីមូលហេតុ ស្រវឹងស្រានិងខឹងប្រពន្ធស្តីអោយថាមិនជួយមើលកូន ។
ចំពោះជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមក ប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ដើម្បីសួរនាំតាមនីតិវិធី៕