ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៧ចាប់ផ្ដើមលើសង្វៀនអាស៊ីអាគ្នេយ៍

105

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវតម្ងន់៦០គីឡូក្រាមរដូវកាលទី៧ បានចាប់ផ្ដើមលើសង្វៀនអាស៊ីអាគ្នេយ៍ ចាប់ពីរសៀលថ្ងៃទី៨កញ្ញាទៅហើយ ។

ការប្រកួតដែលមួយសប្ដាហ៍មានចំនួន២គូហើយ គឺជាការប្រកួត រវាងអ្នកប្រដាល់កម្ពុជា និង ថៃនោះនៅថ្ងៃទី៨ កញ្ញាអ្នកប្រដាល់កម្ពុជាឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃផាត ឆាយ៉ាកភូមិ(Phat Chhayakphum) ។

​អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកទេ តែគេជាអ្នកប្រដាល់ដែល មានផ្លែវ៉ៃល្អ និងរហ័សដូចគ្នាគ្រាន់តែ បូរ៉ាចិត្តមិនសូវធំតែប៉ុណ្ណោះ ។បូរ៉ាជាអ្នកលេងកែង និង ជង្គង់ដ៏អស្ចារ្យ ឯផាត ឆាយ៉ាកភូមិក៏ជាអ្នកពូកែកណ្ដាប់ដៃនិងជង្គង់ដែរ ។

​កន្លងមកអ្នកប្រដាល់ថៃរូបនេះធ្លាប់ចូលរួមប្រជែង ដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរដែរ តែគេពុំធ្លាប់ដណ្ដើមបាន
នោះឡើយហើយក៏ពុំធ្លាប់បាន ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។គេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧០ដងចាញ់១៤ដង និងស្មើពិន្ទុ ១ ដង ។

​ចំពោះឃីម បូរ៉ាវិញគេធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ ញឹកញាប់ណាស់ ។ ស្ទើរតែគ្រប់ព្រឹត្តិការណ៍គេតែងតែឡើងមក ដល់វគ្គផ្ដាច់ព្រ័ត្រតែគេ ពុំធ្លាប់ដណ្ដើមបានខ្សែក្រវាត់នោះទេ ។បូរ៉ាមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨៦ដង ចាញ់២០ដង ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យ សន្លប់បានចំនួន២០ដង ។ជំនួបថ្ងៃបើកសង្វៀនថ្មីនេះបូរ៉ា ឬផាត ឆាយ៉ាកភូមិចួបសំនាងល្អ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសុខ សាវិនក្លិបឆ្មា ស សែនសុខត្រូវជួបតស៊ូជាមួយ អ្នកប្រដាល់ថៃឈ្មោះផាតម៉ាហា(Phat Maha) ។

​សាវិនពុំធ្លាប់ចូលរួមប្រជែងខ្សែក្រវាត់នៅ សង្វៀនអាស៊ីអាគ្នេយ៍ឡើយ តែគេជាអ្នកប្រដាល់ដែលមានស្នៀតវ៉ៃល្អរហ័ស ឯ ចិត្តរបស់គេក៏ធំណាស់ដែរ ។ គេមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៦៧ដង ចាញ់២០ដង និងស្មើពិន្ទុ ៥ដង ។

​ចំពោះអ្នកប្រដាល់ថៃផាត ម៉ាហាគេធ្លាប់មកប្រកួតនៅស្រុកខ្មែរ បានម្ដងដែរតែគេមិនបានទទួលលទ្ធផលល្អឡើយ ។ អ្នកប្រដាល់ថៃរូបនេះ មានមស្ទីលវ៉ៃល្អតែទំនងជាគេវ៉ៃលាក់គំនួច ដោយសារតែគេ ត្រូវការលាក់ស្នៀតដើម្បីចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ ។ គេមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៦ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។ សុខ សាវិន និង ផាត ម៉ាហានរណាឈ្នះក្នុងការប្រកួតនេះ ?៕

អត្ថបទដែលជាប់ទាក់ទង