ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនផលិតគ្រឿងសំអាង Lush បានប្រកាសថា នឹងបិទគណនី បណ្ដាញទំនាក់ទំនងសង្គមទាំងអស់

304

ភ្នំពេញ៖ ក្រុមហ៊ុន Lush ដែលជាក្រុមហ៊ុនលក់គ្រឿងសំអាងដ៏ធំមួយរបស់ប្រទេសអង់គ្លេសដែលមានសាខានៅក្នុងប្រទេសចំនួន៤៨ ប៉ុន្តែភាគច្រើននៅក្នុង សហរដ្ឋអាមេរិកបានប្រកាសថា នឹងបិទគណនីបណ្ដាញទំនាក់ទំនងសង្គម Facebook, Instagram, TikTok, និង Snapchat នៅថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីរឿងអាស្រូវជាច្រើនត្រូវបានលាតត្រដាងដោយបុគ្គលិករបស់ក្រុមហ៊ុន Meta ទាក់ទងនឹងការស្រាវជ្រាវផ្ទៃក្នុងដែលបង្ហាញថា កម្មវិធីទំនាក់ទំនងសង្គមអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យុវវ័យ បង្កើនការរើសអើង និងចែកចាយព័ត៌មានមិនពិត។

លោក Mark Constantine ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lush បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកបានចំណាយពេលពេញមួយជីវិត ដើម្បីចៀសវាងការដាក់គ្រឿងផ្សំដែលបង្កគ្រោះថ្នាក់នៅក្នុងផលិតផល។ ឥឡូវនេះមានភ័ស្តុតាងដ៏ច្រើន លើសលប់ដែលយើងកំពុងប្រឈមនឹងហានិភ័យនៅពេលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះក្រុមហ៊ុនត្រូវតែមាន វិធានការដើម្បីចូលរួមដោះស្រាយ ដោយមិនចាំបាច់រង់ចាំឱ្យមាន បទប្បញ្ញត្តិពីប្រទេសជុំវិញពិភពលោក ក្នុងការគ្រប់គ្រងបណ្ដាញទំនាក់ទំនងសង្គមនោះទេ។

គួរបញ្ជាក់ដែរថា កាលពីដើមខែតុលាកន្លងទៅនេះ សមាជិកសភាសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ខ្លាំងៗទៅលើក្រុមហ៊ុន Meta ថា កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Instagram របស់ក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសុខភាពផ្លូវចិត្តរបស់កុមារ បន្ទាប់ពីសារព័ត៌មាន The Wall Street Journal បានចុះផ្សាយព័ត៌មានទាក់ទងទៅនឹង ការស្រាវជ្រាវផ្ទៃក្នុងរបស់ក្រុមហ៊ុនហ្វេសប៊ុកដែលបានបង្ហាញពីការព្រួយបារម្ភថា កម្មវិធីចែករំលែករូបថតរបស់ខ្លួនកំពុងតែបំផ្លាញសុខុមាលភាពរបស់កុមារ៕

អត្ថបទដែលជាប់ទាក់ទង