ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តក្រុង​ទេសចរណ៍​មក​ពី​ប្រទេស​ North​ Macedonia​ បាន​ឆាបឆេះ​ ស្លាប់​ចំនួន​ ៤៥​នាក់​

105

Reuters -​ កាលពី​ថ្ងៃ​អង្គារ​ រថយន្តក្រុង​ទេសចរណ៍​មក​ពី​ប្រទេស​ North​ Macedonia​ បាន​ឆាបឆេះ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​នៅ​ភាគ​ខាងលិច​ប្រទេស​ Bulgaria​ មុន​ពេល​ថ្ងៃ​រះ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ ៤៥​នាក់​ ដែល​ក្នុង​នោះ​មាន​កុមារ​ចំនួន​ ១២​នាក់​។​

​អាជ្ញាធរ​បាន​និយាយ​ថា​ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ប៉ុន្តែ​ប្រហែលជា​រថយន្តក្រុង​នោះ​បាន​បុក​របាំង​ថ្មើរជើង​មុន​ ឬ​ក្រោយ​ពេល​ឆេះ​។​

​បុគ្គលិក​មន្ទីរពេទ្យ​បាន​និយាយ​ថា​ មនុស្ស​ចំនួន​ ០៧​នាក់​ ដែល​បាន​លោត​ពីលើ​រថយន្តក្រុង​ដែល​កំពុង​ឆេះ​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ Pirogov​ ក្នុង​រដ្ឋធានី​ Sofia​ ប្រទេស​ Bulgaria​ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​នឹងនរ​។​ ពួក​គេ​មាន​របួស​រលាក​ និង​ម្នាក់​ទៀត​របួស​ជើង​។​

​ក្រសួងមហាផ្ទៃ​ប្រទេស​ Bulgaria​ បាន​និយាយ​ថា​ មនុស្ស​ ៤៥​នាក់​បាន​ស្លាប់​ ដែល​នេះ​ក្លាយជា​ឧបទ្ទវហេតុ​រថយន្តក្រុង​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ក្នុង​តំបន់​ Balkan​ ។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ Boyko​ Rashkov​ បាន​និយាយ​ថា​ សាកសព​ត្រូវ​បាន​ “​ផ្តុំ​គ្នា​នៅ​ខាងក្នុង​ ហើយ​ត្រូវ​បាន​ឆេះ​ក្លាយជា​ផេះ​”​ ។​

​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ថា​ “​រូបភាព​នេះ​គួរ​ឲ្យ​ខ្លាច​ ពិតជា​គួរ​ឲ្យ​ភ័យ​ខ្លាច​។​ ខ្ញុំ​មិន​ដែល​ឃើញ​ពី​មុន​ទេ​”​ ។​

​ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ Struma​ ដែល​មាន​ចម្ងាយ​ប្រហែល​ ៣០​គីឡូម៉ែត្រ​ ខាងលិច​ទីក្រុង​ Sofia​ នៅ​វេលា​ប្រហែល​ម៉ោង​ ពីរ​ទៀប​ភ្លឺ​ ៕

អត្ថបទដែលជាប់ទាក់ទង