ប្រមុខការទូតកម្ពុជា សន្ទនាតាមទូរស័ព្ទជាមួយ ទីប្រឹក្សា នៃក្រសួងការបរទេសអាមេរិក ពីបញ្ហាទ្វេភាគី និងតំបន់
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបសន្ទនាគ្នាតាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម។ នេះបើតាមសេចក្តីប្រកាសក្រសួងការបរទេស។
ក្នុងជំនួបតាមទូរស័ព្ទនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា បើទោះបីជាមានបញ្ហាលំបាកខ្លះៗក៏ដោយ កម្ពុជាតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅលើគន្លងត្រឹមត្រូវ និងរីកចម្រើនលូតលាស់លើវិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល កសិកម្ម វប្បធម៌ ការដោះមីន បេសកកម្មថែរក្សាសន្តិភាព ស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងពេលសង្គ្រាម ការធ្វើមាតុភូមិនិវត្តជនជាតិខ្មែរពីសហរដ្ឋអាមេរិក និងអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ Peace Corps។
ទន្ទឹមនឹងការថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់ជំនួយដល់កម្ពុជាលើវិស័យនានា លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹមចង់ឃើញការចូលរួមប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។
ភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យដែលមានសក្តានុពល។
ចំពោះការធ្វើជា ប្រធាន អាស៊ាន ឆ្នាំ ២០២២ របស់កម្ពុជា លោក ប្រាក់ សុខុន បានជម្រាប លោក Chollet អំពីអាទិភាពដែលកម្ពុជាបានកំណត់សម្រាប់ឆ្នាំក្រោយ និងបញ្ហាប្រឈមដែលត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន ដើម្បីពង្រឹងមជ្ឈភាពនិងភាពធន់របស់អាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់មជ្ឈភាពអាស៊ាន និងភាពជោគជ័យរបស់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី និងលោកទីប្រឹក្សា Chollet ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវឌ្ឍនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនានា ដូចជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ស្ថានភាពនៅឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា ។ល៕