ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាធ្វើជាម្ចាស់ផ្ទះ វេទិកាតុមូលនិពន្ធនាយកអាស៉ី-អឺរ៉ុប លើកទី១០ ដែលជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»

236

 

ភ្នំពេញ៖ នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវេទិកាតុមូលនិពន្ធនាយកអាស៉ី-អឺរ៉ុប លើកទី១០ (ASEFERT10) ដែលជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13)។ កម្មវិធី ២ថ្ងៃនេះ បានធ្វើឡើងក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។

ក្នុងវេទិកាតុមូលនិពន្ធនាយកអាស៉ី-អឺរ៉ុប លើកទី១០ ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក៏មានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកផងដែរ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ។

ចំណែកឯ លោក ពុយ គា និពន្ធនាយកសារព័ត៌មានតំណាងឱ្យប្រទេសកម្ពុជា បានថ្លែងក្នុងវេទិកាតុមូលនេះ ខណៈដែលវេទិកាតុមូលនេះ ធ្វើឡើងដោយមានការចូលរួមពីនិពន្ធនាយក និងអ្នកព័ត៌មានកម្ពុជា ជាង ៤០នាក់ ក៏ដូចជានិពន្ធនាយក និងអ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានធំៗ ក្នុងបណ្តាប្រទេសដៃគូ ASEM ទាំងអស់។

សូមជម្រាបថា ASEM13 គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបាននូវមហាកិត្តិយស និងមោទកភាព ក្នុងការរៀបចំជំនួបកំពូលកម្រិតពិភពលោកមួយ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៥១ប្រទេស មកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន។ ប្រទេសជាសមាជិក ASEM គឺតំណាងឱ្យ ៦៥ភាគរយ នៃចំនួនសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោកទាំងមូល, ចំនួន៥៥ភាគរយ នៃចំនួនពាណិជ្ជកម្ម និង៧០ នៃចំនួនទេសចរណ៍នៃពិភពលោកទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង