អាជ្ញាធរមីន ដឹកនាំម្ចាស់ជំនួយ ចុះពិនិត្យលទ្ធផលបោសសម្អាតមីន និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជាអ្នកទទួលផល
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំម្ចាស់ជំនួយចុះពិនិត្យលទ្ធផលបោសសម្អាតមីន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាអ្នកទទួលផល នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមជំនួយមនុស្សធម៌នៃគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល ដំណាក់កាលទី៤ ។
ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង លោកស្រី Sonali Dayaratne តំណាង UNDP ប្រចាំនៅកម្ពុជា លោក Andreas Zurbrugg តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរមីន ជាច្រើនរូប។
ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងអង្គការ UNDP ដែលបានចូលរួមគាំទ្រដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈការអនុវត្តគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល ដេីម្បីចូលរួមលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ការជួយសង្រ្គោះជីវិតប្រជាជន និងផ្តល់ដីមានសុវត្ថិភាព។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា ការបំបាត់មីនលើពិភពលោក ជាអាទិភាពសកលសម្រាប់អូស្ត្រាលី។ ចាប់តាំងពីឆ្នាំ២០០៦មក អូស្ត្រាលីបានគាំទ្រដល់គម្រោងបោសសម្អាតមីន របស់អាជ្ញាធរមីនកម្ពុជា ។ គម្រោងនេះបានឈូសឆាយ និងបញ្ចេញដីបានទំហំ ២៧៥ គីឡូម៉ែត្រការ៉េរួចហើយ ដែលផ្តល់ប្រយោជន៍ដល់ប្រជាជនបានជាងមួយលាននាក់។ ការងារជាច្រើននៅតែត្រូវធ្វើ ហើយបាត់ដំបងជាខេត្តមួយក្នុងចំណោមខេត្តមានមីនច្រើនបំផុត ក្នុងប្រទេសកម្ពុជា។
ឯកអគ្គរាជទូតរង Andreas Zurbrugg បានទៅទស្សនាភូមិគោករកា ក្នុងខេត្តបាត់ដំបង ដែលជាភូមិមួយក្នុងចំណោមភូមិដែលមានគ្រាប់មីនច្រើនបំផុតក្នុងប្រទេសកម្ពុជា និងជាទីតាំងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងប្រវត្តិសាស្ត្រកម្ពុជា។ សូមអរគុណចំពោះការគាំទ្រពីអូស្ត្រាលី អាជ្ញាធរមីន – Cambodian Mine Action Authority និង UNDP Cambodia ភូមិនេះនឹងគ្មានមីននៅសល់ទេនៅចុងឆ្នាំក្រោយនេះ! អ្នកភូមិទន្ទឹងរង់ចាំដាំ ដំឡូងមី ស្រូវ ល្ង ពោត សណ្ដែកដី នៅលើដីដែលទើបដោះមីនរួចនេះ៕