ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងរាស្ត្រទាំង ១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាន

76


ភ្នំពេញ៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីពីធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី៦ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ រដ្ឋសភា ក៏បានចេញសេចក្តីប្រកាស ស្តីពី ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់តំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា និងបញ្ជីរាយនាម តំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ដែលបានសម្រេចអំពីសុពលភាពនៃអាណត្តិ (តាមមណ្ឌល)
របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ នៅពេលរសៀល ថ្ងៃទី៥ខែកញ្ញានេះ តំណាងរាស្ត្រទាំង ១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាន នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ មុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត បើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាព្រឹត្តិការណ៍ជាមហោឡារឹក និងជាប្រវត្តិសាស្រ្ត នៃការចាប់ផ្តើមដំណើរការរដ្ឋសភានីតិកាលទី៦ ក្រោយពីការបោះឆ្នោតជាសកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៦ មានវត្តមានបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតទំាង១២៥រូប និងឥស្សរជនជាន់ខ្ពស់ អង្គទូត អង្គការនានា ដែលប្រចំានិងបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមយកព័ត៌មានរបស់អ្នកសារព័ត៌មានជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ។

នៅក្នុងព្រះរាជសុន្ទរកថា បើកសម័យប្រជុំដំបូង រដ្ឋសភានីតិកាលទី៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា “ខ្ញុំមានជំនឿយ៉ាងមុតមំាថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភានឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ”។

ម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះរាជបន្ទូលបន្តថា ដើម្បីសម្រេចភារកិច្ច ដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុទិតា និង ឧបេក្ខា។

សូមជម្រាបថារដ្ឋសភានីតិកាលទី៦ កើតចេញពីការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចំនួន២០ចូលរួម។ ប្រជាពលរដ្ឋច្រើនលើសលុបបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន១២៥ ក្នុងរដ្ឋសភានីតិកាលទី៦នេះ។

បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ បានចាប់ផ្តើម ដំណើការងាររបស់ខ្លួនក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិក រដ្ឋសភា ដើម្បី៖ (១) សម្រេចអំពីសុពលភាពនៃអាណត្តិ របស់សមាជិកនីមួយៗ និង (២) ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៦។

ដោយឡែកសម្រាប់ថ្ងៃបន្ទាប់វិញ ពោលគឺថ្ងៃទី៦ ខែកញ្ញា រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត ចំពោះក្បាលម៉ាស៊ីន រាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង