ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីជាកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏ប៉ុន្តែវិស័យអចលនវត្ថុ ក្នុងប្រទេស នៅតែមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យ សម្រាប់ការវិនិយោគ

57

ភ្នំពេញ៖ ក្នុងឱកាសបើកសមាជលើកទី២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ទោះបីជាកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ និង បន្តសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មីក្តី ក៏ប៉ុន្តែវិស័យអចលនវត្ថុក្នុងប្រទេស នៅតែមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យ សម្រាប់ការវិនិយោគ បើប្រៀបធៀបនឹងប្រទេសជិតខាង។

លោកបន្តថា តំបន់ដែលកំពុងមានសក្តានុពលក្នុងការវិនិយោគរួមមាន រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី កំពុងតែត្រូវបានអនុវត្ត ។ ចំណែកក្នុងខេត្តព្រះសីហនុ កំពុងត្រូវបានប្រែក្លាយជាតំបន់សេដ្ឋកិច្ច ពិសេសពហុបំណង, នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្ដិសាស្រ្ត, នៅក្រុងប៉ាវិត ខេត្តស្វាយរៀង ដែលជាមាត់ច្រកព្រំដែនកម្ពុជា-វៀតណាម និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាមាត់ច្រក ព្រំដែនកម្ពុជា-ថៃ ។ល។

លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា តម្លៃលំនៅដ្ឋាននៅកម្ពុជា សម្រាប់កម្រិតក្រោមមធ្យម មានតម្លៃចន្លោះពី៤ម៉ឺនដុល្លារទៅ១០ម៉ឺនដុល្លារ ក្នុងមួយល្វែង និងកម្រិតមធ្យមមានតម្លៃចាប់ពី១០ម៉ឺនដុល្លារទៅ៤០ម៉ឺនដុល្លារ ដែលជាតម្លៃសមរម្យមួយ។ ចំណែកតម្លៃខុនដូរវិញ សម្រាប់កម្រិតលើមធ្យម ក្នុងមួយម៉ែត្រការ៉េ មានតម្លៃចាប់ពី២៥០០ដុល្លារ, កម្រិតមធ្យម មានតម្លៃចន្លោះពី១៦០០ដុល្លារទៅ២៥០០ដុល្លារ និងកម្រិតក្រោមមធ្យមមានតម្លៃពី៨០០ដុល្លារ ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្ត បច្ចុប្បន្ននៅនេះកម្ពុជា មានការអភិវឌ្ឍន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវល្បឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ គម្រោងសាងសង់ព្រលានយន្ត គម្រោងផ្លូវដែកអាស៊ានពីភ្នំពេញ ទៅក្រុងព្រះសីនុ និងភ្ជាប់ពីកម្ពុជាទៅប្រទេសថៃ, គម្រោងផ្លូវដែកភ្ជាប់ទៅប្រទេសវៀតណាម និងការសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ព្រមទាំងគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងធ្វើឱ្យតម្លៃអចលនទ្រព្យនៅកម្ពុជា កើនឡើងនាពេលខាងមុខ។

តាមក្រសួងសេដ្ឋកិច្ច វិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២ ដោយសារការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកលើវិស័យអចលនវត្ថុ ដែលមានថ្លៃទាប និងមធ្យម នឹងបន្តរក្សាកំណើនល្អប្រសើរ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា យ៉ាងណាក៏ដោយ ការព្យាករណ៍ទាំងអស់នេះ ស្ថិតក្នុងភាពជាការប៉ាន់ស្មាននៅឡើយ ដោយសារហានិភ័យពីរលកថ្មី នៃការបំប្លែងខ្លួនថ្មីនៃវីរុសកូវីដ១៩ ដែលមានសភាពកាន់តែកាចសាហាវ នៅតែបន្តជាបញ្ហាប្រឈម សម្រាប់ការអភិវឌ្ឍក្នុងសកលលោក និងតំបន់។ ជាក់ស្ដែង មេរោគបំប្លែងថ្មីនេះ បាននិងកំពុងធ្វើឱ្យប្រទេសមួយចំនួនក្នុងតំបន់ អាស៊ី ដែលធ្លាប់តែគ្រប់គ្រងករណីឆ្លងបានល្អ ក្លាយជាតំបន់ក្តៅគគុកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង