អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចោទប្រកាន់ «បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ» លើអ្នករំលោភសម្លាប់ក្មេងស្រី នៅស្រុកចំការលើ
កំពង់ចាម៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីឃាតករំលោភសម្លាប់ក្មេងស្រី នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលគេចែករំលែកព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីកិច្ចស៉ើបអង្កេតនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ដោយបំពេញត្រឹមត្រូវតាមនីតិវិធី ជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ភេទប្រុស កើតថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៦ និងសំណុំរឿង ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបំពេញបន្ថែមដោយបន្តស្តាប់យកចម្លើយ ពីជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ដោយមានវត្តមានរបស់មេធាវី និងភ្នាក់ងារសង្គមកិច្ច តាមវិធាននីតិវិធីនៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន។
បន្ទាប់ពីបញ្ចប់ការស្តាប់ចម្លើយលើជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន និងពិនិត្យលើឯកសារភស្តុតាងនានា តាមនីតិវិធីចប់សព្វគ្រប់ តំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៉ើបសួរ លេខ ៦៦៥ អ.យ.ខ/២១ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ទៅចំពោះមុខយុត្តាធិការស៊ើបសួរ ក្រោមបទចោទប្រកាន់ «បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ» ដែលបានប្រព្រឹត្ត នៅចំណុចចំការពោតភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៥៣នាទីល្ងាច បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តឱ្យផ្តន្ទាទោសតាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៉ើបសួរខាងលើនេះ តំណាងអយ្យការក៏បានស្នើឱ្យចៅក្រមស៉ើបសួរដាក់ឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្នផងដែរ។
គួរជម្រាបថា ហេតុការណ៍ដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញ។
ករណីនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បង្ហោះសារចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ក្រោយមរណភាពរបស់នារីរងគ្រោះ និងថ្កោលទោសចំពោះទង្វើយ៉ាងព្រៃផ្សៃរបស់ជនដៃដល់ ដែលទើបតែមានអាយុ១៦ឆ្នាំ៕