ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ និងមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពី «ការអនុវត្ត និងការទទួលស្គាល់មជ្ឈត្តវិនិច្ឆ័យ»

145

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានប្រកាសពីការរៀបចំសិក្ខាសាលាអនឡាញស្តីពី «ការអនុវត្ត និងការទទួលស្គាល់មជ្ឈត្តវិនិច្ឆ័យ» ដោយជោគជ័យជាមួយនឹងការគាំទ្រពី សំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី។

ការរៀបចំសិក្ខាសាលាអនឡាញនេះ បានប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញក្រោមអធិបតីភាពលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកមជ្ឈត្តករ ប៊ុន យូឌី ប្រធាន ម.ជ.ម. និងមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសដូចជា Dr. Anselmo Reyes និង Sir. Bernard Eder ដែលជា មជ្ឈត្តករ សន្ធានករ និងចៅក្រមអន្តរជាតិ រួមទាំងមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។ សិក្ខាសាលានេះមានការចូលរួមពីសំណាក់ចៅក្រម និងមន្រ្តីពាក់ព័ន្ធពីស្ថាប័នសាលាឧទ្ធរណ៍ភ្នំពេញ និងតំបន់ និងសាលាដំបូងទាំង២៥រាជធានី-ខេត្តផងដែរ។

ចំណុចសំខាន់ៗនៃសិក្ខាសាលានេះ ផ្តោតលើការពិភាក្សា សន្ទនា និងចែករំលែកបទពិសោធន៍ពីសំណាក់ វាគ្មិនដែលជាចៅក្រមអន្តរជាតិ ជាមួយនិងចៅក្រមជាតិ ព្រមទាំងមន្ត្រីពាក់ព័ន្ធនៅកម្ពុជា អំពីការទទួលស្គាល់ និងអនុវត្តមជ្ឈត្តវិនិច្ឆ័យ និងមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។

វេទិកានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយុត្តិធម៌តាមរយៈស្ថាប័នតុលាការ ក៏ដូចជាវិស័យមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគបរទេសផងដែរ។ នៅក្នុងបរិបទសកលភាវូបនីយកម្ម ព្រមទាំងការដោះស្រាយវិវាទឆ្លងដែន ទំនាក់ទំនង ឬការសន្ទនា វាងចៅក្រមជាតិ និងអន្តរជាតិពិតជាមានសារសំខាន់ក្នុងការបង្កឱ្យបានសង្គតភាព ក្នុងការធ្វើសេចក្តីសម្រេចនៅក្នុងសំណុំរឿងពាណិជ្ជកម្ម ក៏ដូចជាក្នុងសំណុំរឿងទទួលស្គាល់ និងអនុវត្ត មជ្ឈត្តវិនិច្ឆ័យជាតិ និងបរទេសផងដែរ។

លោកមជ្ឈត្តករ ប៊ុន យូឌី ប្រធាន ម.ជ.ម. បានលើកឡើងថា «សិក្ខាសាលាអនឡាញមួយនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍បន្ថែមពាក់ព័ន្ធនឹងការទទួលស្គាល់ និងអនុវត្ត មជ្ឈត្តវិនិច្ឆ័យ ពីសំណាក់ចៅក្រមបរទេស ក៏ដូចជាកសាងទំនាក់ទំនងជិតស្និទ្ធជាមួយ ម.ជ.ម. និងចៅក្រមបរទេស ដែលទំនាក់ទំនងនេះជាចលករសំខាន់មួយដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការដោះស្រាយវិវាទពាណិជ្ជកម្ម សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា»។

សូមជម្រាបថា ម.ជ.ម ជាស្ថាប័នឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្មឆ្នាំ២០០៦។

ក្នុងនាមជាមជ្ឈមណ្ឌលមជ្ឈត្តការតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ម.ជ.ម. មានបេសកកម្មផ្តល់ជូននូវការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ ប្រកបដោយអព្យាក្រឹតភាព និងប្រសិទ្ធិភាព។ នាពេលបច្ចុប្បន្ន មានមជ្ឈត្តករច្រើនជាង ៦០រូប មានសញ្ជាតិផ្សេងៗគ្នា ត្រូវបានចុះបញ្ជីជាមជ្ឈត្តកររបស់ ម.ជ.ម.។ ចាប់តាំងពីការចាប់ផ្តើមដំណើរការជាផ្លូវការ ក្នុងឆ្នាំ២០១៣ មក ម.ជ.ម. បានទទួល និងចាត់ចែងសំណុំរឿងចំនួន២៧ ដែលទំហំវិវាទសរុបមានចំនួនស្ទើរតែ ៨០លានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង