សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍លោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋសឹង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណជូនលោកជំទាវសម្រាប់ការយោគយល់របស់លោកជំទាវ ដ្បិតបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យជំនួបរវាងសម្ដេច និងលោកជំទាវ ត្រូវបានពន្យាពេលរហូតមកដល់ពេលនេះ។
សម្ដេចក្រឡាហោមក៏បានយកឱកាសនេះថ្លែងចូលរួមរំលែកការលំបាករបស់រដ្ឋាភិបាលសឹង្ហបុរី ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩រហូតមកដល់ពេលនេះ ដោយសម្ដេចបានបន្តថារដ្ឋាភិបាលសឹង្ហបុរី និងរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងអនុវត្តសកម្មភាពដូចគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការអនុវត្តវិធានការសុខាភិបាលចាំបាច់ផ្សេងៗ។
សម្ដេចឧបនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ដែរថា ក្នុងនាមជាសមាជិកមួយរូបនៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល សម្ដេចសូមយកឱកាសនេះ ថ្លែងនូវការស្វាគមន៍ជាមួយក្ដីសង្ឃឹមថា ក្នុងអាណត្តិការទូតរបស់លោកជំទាវនៅកម្ពុជា នឹងរួមចំណែកបន្តពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងសឹ្ហបុរី និងកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត ពិសេសក្នុងនាមជាគ្រួសារអាស៊ានតែមួយ។
ជាការឆ្លើយតប លោកជំទាវ Teo Lay Cheng ឯកគ្គរដ្ឋទូតសឹង្ហបុរី បានឆ្លៀតយកឱកាសនៃជំនួបនេះ ថ្លែងចូលរួមរំលែកមរណទុក្ខជូន ចំពោះសម្ដេក្រឡាហោម ស ខេង និងក្រុមគ្រួសារចំពោះការបាត់បង់បងស្រីជាទីគោរពស្រឡាញ់របស់សម្ដេច ហើយលោកជំទាវក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនសម្ដេច ដែលបើទោះបីជាមានធុរៈចាំបាច់ក្នុងគ្រួសារ ក៏នៅតែទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវនាឱកាសនេះទៀត។
លោកជំទាវក៏បានបន្តថាជំនួបនាឱកាសនេះ លោកជំទាវមានគោលបំណងណែនាំខ្លួន ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំ នៅព្រះរាជាណាចកម្ពុជា និងស្នើសុំការជជែកពិភាក្សាជាមួយសម្ដេច ពាក់ព័ន្ធនឹងកិច្ចការផ្សេងៗដែលលោកជំទាវ អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃ ជាមួយផ្នែកពាក់ព័ន្ធរបស់សឹង្ហបុរី។
លោកជំទាវក៏បានជម្រាបជូនសម្ដេចដែរថា កន្លងមកប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាជិតស្និទ្ធ លើកិច្ចការមួយចំនួនក្នុងវិស័យអនុវត្តច្បាប់ ដូចជាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធអាវុធ ដែលការងារនេះកម្ពុជា ផ្ទាល់ក៏ជាប្រទេសទទួលដឹកនាំលើវិស័យនេះ ក្នុងក្របខណ្ឌអាស៊ាន។ លោកជំទាវក៏បានជម្រាបជូនសម្ដេចអំពីការកាន់តួនាទី ជាប្រធានអាស៊ាន និងការងារទីក្រុងឆ្លាត (Smart City) ដែលក្រសួងមហាផ្ទៃក៏ជាស្ថាប័ន ដឹកនាំការងារនេះក្នុងកិច្ចប្រជុំអាស៊ានផងដែរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជាការពិត នៅឆ្នាំ២០២២ខាងមុខនេះ សម្ដេចក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ និងក៏ត្រូវធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធនឹងទីក្រុងឆ្លាត (Smart City) នេះដែរ។ សម្ដេចបន្តថាសម្ដេចនឹងបន្តខិតខំចូលរួមចំណែកគ្រប់លទ្ធភាព ធ្វើយ៉ាងណាសម្របសម្រួលឱ្យកិច្ចការសំខាន់ៗ ទាំងពីរនេះទទួលបានជោគជ័យ បំរើផលប្រយោជន៍ផលប្រយោជន៍ប្រជាជនកម្ពុជា និងសហគមន៍អាស៊ាន។
សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ថាកន្លងមកក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសឹង្ហបុរី ធ្លាប់មានការចុះអនុស្សារណៈជាមួយគ្នា និងទើបតែផុតសុពលភាពមួយរយៈកន្លងមក ហើយសម្ដេចតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតនាឱកាសនេះ សូមស្នើបន្តពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សារណៈ ឬកិច្ចព្រមព្រៀងបន្តទៀតដើម្បីបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ ស្របពេលដែលមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងវិស័យពាណិជ្ជកម្មកាន់តែមានការរីកចម្រើនជាលំដាប់។
សម្ដេចក៏បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាតាមរយៈកិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់នេះនឹងរួមចំណែកការពារនូវផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរី បានថ្លែងអំណរគុណសម្ដេចចំពោះការលើកឡើងនូវយោបល់រៀបចំ ឱ្យមានការពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្នភាព អនុស្សារណៈដែលបានចុះហត្ថលេខាកន្លងមក ដោយលោកជំទាវបានជម្រាបជូនសម្ដេចទៀតថា នឹងនាំប្រសាសន៍របស់សម្ដេច ទៅជម្រាបជូនក្រសួងមហាផ្ទៃសឹង្ហបុរី ព្រមទាំងជម្រាបជូនសម្ដេចវិញអំពីលទ្ធផលនៃការងារនេះ៕