ចាប់ជនសង្ស័យ៤នាក់ ករណីឃាតកម្ម បាញ់ប្រហារលើបុរសចំណាស់ម្នាក់ ស្រុកខ្សាច់កណ្ដាល
កណ្ដាល ៖ នគរបាលខេត្តកណ្ដាល បើកប្រតិបត្តិការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ករណីឃាតកម្មបាញ់ប្រហារទៅលើបុរសចំណាស់ម្នាក់ ដោយអាវុធខ្លីK59 កាលពី៦ ថ្ងៃមុននៅស្រុកខ្សាច់កណ្ដាល ។ ប្រតិបត្តិការចាប់ខ្លួននេះ នៅថ្ងៃទី២៤ ខែវិច្ឆិកា.ឆ្នាំ២០២១ ដែលករណីឃាតកម្មនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង២០នាទី នៅចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ក្រុមជនសង្ស័យសរុបមានគ្នា៥ ឃាត់ខ្លួនបាន៤នាក់ ទី១-ឈ្មោះ អ៊ាន់ ម៉េងឡេង ហៅ ខ្លា ហៅ ប៉ាវ ហៅ ម៉េង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជនដៃដល់) , ទី២-ឈ្មោះ ជឿន ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៣-ឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល. និងទី៤-ឈ្មោះ អាង រស្មី ហៅចែង ហៅស៊ុយ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រីឯជនសង្ស័យម្មាក់ទៀតរត់គេចខ្លួនបានស្រមោល។ ដោយឡែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ឆែម ឆា ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងចាប់យកៈ១-ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA BEAT ពណ៌សលាយក្រហម ពាក់ផ្លាកលេខ តាកែវ 1Q-2185, ២-ខោអាវចំនួន ០១កំផ្លេឬ, ៣-សំបកគ្រាប់កាំភ្លើងខ្លីចំនួន ០៥គ្រាប់ លេខ 380និង៤-ក្បាលគ្រាប់កាំភ្លើងខ្លីបាញ់រួចចំនួន ០១ ។
ប្រភពដដែលបន្តថា ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសន្លុង ទទួលបានព័ត៌មានថា មានករណីបាញ់សម្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ ភ្លាមនោះ កម្លាំងប៉ុស្តិ៍ក៏ចុះដល់កន្លែងកើតហេតុ នរួចរាយការណ៍ទៅនគរបាល ជំនាញស្រុក និងរាយការណ៍បន្តទៅនគរបាលជំនាញខេត្ត ចុះមកដល់ចំណុចកើត ដោយពិនិត្យឃើញថា ជនរងគ្រោះមានរបួសស្នាម ទ្រូងខាងស្ដាំ ០១កន្លែង , របួសចិញ្ចើមខាងឆ្វេងធ្លាយចូលទៅគុម្ពត្រចៀកខាងស្ដាំ ០១កន្លែង , របួសស្នាមចូលលើត្រចៀកខាងឆ្វេង០១កន្លែង និងរបួសស្នាមចេញផ្នែកក្បាលខាងក្រោយ ០១កន្លែង ។ បន្ទាប់ពីធ្វើការពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ហើយបានកសាងសំណុំរឿងដើម្បីធ្វើការស្រាវជ្រាវ ដោយមានការសម្របសម្រួលដឹកផ្ទាល់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាល ខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលនិងមានការចូលរួមលោកឧត្តមសេនីយ៍ស្នងការរង មេបញ្ជាការរង កងរាជអាវធហត្ថខេត្ត, លោកនាយ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត, លោកអធិការ, អធិការរង, នាយប៉ុស្តិ៍រដ្ឋបាល មេបញ្ជាការ កងរាជអាវុធហត្ថស្រុក រហូតក្តាប់មុខសញ្ញាបាន ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
យោងតាមការឲ្យដឹងរបស់សមត្ថកិច្ចថា មូលហេតុដែលក្រុមជនសង្ស័យបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ គឺដោយចោទប្រកាន់ថា មកពីជនរងគ្រោះបានតាមដានពួកគេពីរឿងចែកចាយថ្នាំញៀន ហើយជនរងគ្រោះឈ្មោះ ឆែម ឆា ក៏ធ្លាប់ទៅលបមើលឈ្មោះ អ៊ាន់ ម៉េងឡេង, ឈ្មោះ អាង រស្មី និងបក្ខពួកដែលកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅចំការឫស្សីពីងពង់នៅភូមិដុល ហើយចាប់ពីពេលនោះមកឈ្មោះ អ៊ាន់ ម៉េងឡេង ក៏តាមដាននិងរៀបចំគម្រោងសម្លាប់ឈ្មោះ ឆែម ឆា តែម្ដង។
ករណីនេះ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល អនុវត្តតាមនីតិវិធី៕