បុរសជើងខ្លាំង ត្រូវកសាងសំណុំរឿង បញ្ចូនទៅតុលាការ
ភ្នំពេញ ៖ នៅវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ យុវជនម្នាក់ ជិះមិនពាក់មូកសុវត្ថិភាព និងបញ្រ្ចាស់ទិស ហើយថែមទាំងគំរាមដកស័ក្តិរួចរកវាយមកលើសមត្ថកិច្ចទៀត ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។
ជនបង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕