ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំ ASEM បានអនុម័តឯកសារលទ្ធផល សំខាន់ៗចំនួន៣ ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូល

83

 

ភ្នំពេញ៖ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ ASEM បានអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ នៃកិច្ចប្រជុំកំពូល ASEM13។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ។

ឯកសារលទ្ធផលសំខាន់ៗចំនួន៣ នោះរួមមាន៖

១៖ សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13
២៖ សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩
៣៖ ឯកសារសកម្មភាពអនាគតស្តីពី ការតភ្ជាប់ ASEM។

ថ្នាក់ដឹកនាំ ASEM បានសម្តែងការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះបានយ៉ាងល្អឥតខ្ចោះ និងបានអបអរសារទរដ៏ស្មោះស្ម័គ្រជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការដឹកនាំកិច្ច ប្រជុំកំពូលនេះយ៉ាងជោគជ័យ ដែលបានចូលរួមចំណែកដល់ការពង្រឹងពហុភាគីនិយមការធ្វើឱ្យដំណើរការ ASEM កាន់តែរឹងមាំ និងប្រកបដោយភាពធន់បរិយាប័ន្ន និងចីរភាព ក្រោយសម័យកាលជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំ រង់ចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៤ នៅអឺរ៉ុប ក្នុងឆ្នាំ២០២៣។

ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ គឺជាសមិទ្ធផលដ៏សំខាន់ថ្មីមួយ របស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ព្រមទាំងបានសបញ្ជាក់យ៉ាងច្បាស់ពីការចូលរួម ចំណែកយ៉ាងសកម្មរបស់យើង ចំពោះកិច្ចខិតខំប្រឹងប្រែងរួមរវាងទ្វីបអាស៊ី និងអឺរ៉ុប ក្នុងការពង្រឹងពហុភាគីនិយមដើម្បីសម្រេចបាននូវកំណើនរួម ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព និងស្ថិរភាព។

កម្ពុជាបន្តផ្តល់សារៈសំខាន់ខ្ពស់ដល់ដំណើរការ ASEM ហើយប្តេជ្ញាសម្រេចឱ្យបាននូវគោលបំណងស្នូល នៃឯកសារលទ្ធផលទាំងបីដែលបានអនុម័តដោយថ្នាក់ដឹកនាំ ASEM។ កម្ពុជាក៏មានមោទនភាពដែលបាន ឃើញពីលទ្ធផលប្រកបដោយផ្លែផ្កានៃព្រឹត្តិការណ៍ និងសកម្មភាពអមរបស់ ASEM13។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានកម្ពុជាជាម្ចាស់ផ្ទះ។ កិច្ចប្រជុំបានធ្វើឡើង ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បី កំណើនរួម»។

ASEM13 គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបាននូវមហាកិត្តិយស និងមោទកភាព ក្នុងការរៀបចំជំនួបកំពូលកម្រិតពិភពលោកមួយ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៥១ប្រទេស មកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន។ ប្រទេសជាសមាជិក ASEM គឺតំណាងឱ្យ ៦៥ភាគរយ នៃចំនួនសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោក ទាំងមូល, ចំនួន៥៥ភាគរយ នៃចំនួនពាណិជ្ជកម្ម និង៧០ នៃចំនួនទេសចរណ៍នៃពិភពលោកទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង