ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​​ក្រឡាហោម​ នឹង​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​តំបន់​ ធ្វើ​យ៉ាងណា ​បំរើ​ផលប្រយោជន៍​រួម​របស់​អាស៊ាន​ រួម​ទាំង​កម្ពុជា ​ដែល​ជា​សមាជិក​ទទួល​កិច្ចការ​ប្រឆាំង​ការ​ជួញដូរ​អាវុធ

50

 

​ភ្នំពេញ​ ៖​ សម្ដេច​ ស​ ខេ​ង​ បាន​មានប្រសាសន៍​ថា ​ក្នុង​នាម​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ សម្ដេច​នឹង​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​តំបន់​ ធ្វើ​យ៉ាងណា​បំរើ​ផលប្រយោជន៍​រួម​របស់​អាស៊ាន​ រួម​ទាំង​កម្ពុជា​ដែល​ជា​សមាជិក​ទទួល​កិច្ចការ​ប្រឆាំង​ការ​ជួញដូរ​អាវុធ​ ។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​ជូន​ ឯកឧត្តម​ ហ្សា​ក់​ ប៉ឺ​ឡេ​ត​ (Jacques​ Pellet)​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ ។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ និង​សូម​ដង្ហែរ​តាម​ព្រះមហាក្សត្រ​ និង​ចូលរួម​ជាមួយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ សម្ដែង​ការ​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បារាំង​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​កម្ពុជា​ ។​ សម្ដេច​បាន​សម្ដែង​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បេសកកម្ម​របស់​ឯកឧត្តម​នៅ​កម្ពុជា​នឹង​បន្ត​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាកទំនង​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​បារាំង​ ។​

​នា​ឱកាស​នោះ​ដែរ​ សម្ដេច​ក៏​បាន​ជម្រាប​ជូន​ថា​ ក្រសួងមហាផ្ទៃ​កម្ពុជា​មាន​កិច្ចការ​សំខាន់ៗ​ពីរ​ដែល​អាច​មានការ​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​បារាំង​ ទី​មួយ​គឺ​ការងារ​កំណែទម្រង់​វិមជ្ឈការ​និង​វិ​សហ​មជ្ឈការ​ និង​ទី​ពីរ​គឺ​ការងារ​កំណែទម្រង់​នគរបាល​។​ ពាក់ព័ន្ធ​នឹង​ការងារ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ សម្ដេច​ក្រឡាហោម​បាន​បន្ត​ថា​ដោយ​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​ពង្រឹងសមត្ថភាព​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ កំណែទម្រង់​នេះ​មាន​វឌ្ឍនភាព​ជា​បន្តបន្ទាប់​ ដោយ​មានការ​ចូលរួម​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ​ ។​ សម្ដេច​មាន​ក្ដី​រីករាយ​ពិនិត្យ​លទ្ធភាព​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​បារាំ​លើ​ការងារ​កំណែទម្រង់​នេះ​ ពិសេស​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ជាតិ​ និង​អាច​ឈាន​ទៅ​ពិនិត្យ​លទ្ធភាព​លើ​ការងារ​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​រាជធានី​ខេត្ត​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ។​

​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​នគរបាល​ ឬ​វិស័យ​សន្តិសុខ​ សម្ដេច​បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ និង​ស្នើ​ពិនិត្យ​លទ្ធភាព​រៀបចំ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ គឺ​ក្រសួងមហាផ្ទៃ​កម្ពុជា​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ភាគី​បារាំង​លើ​ការងារ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ រួម​ទាំង​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ និង​ការ​កសាង​សមត្ថភាព​ ។​ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ចូលរួម​សម្ដែង​នូវ​ការ​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​សម្ដេច​ក្រឡាហោម​ និង​ក្រុម​គ្រួសារ​ ដែល​បាន​បាត់បង់​បងស្រី​ជាទី​គោរព​ស្រលាញ់​របស់​សម្ដេច​កាលពី​ពេល​ថ្មីៗ​នេះ​ ។​

ឯកឧត្តមឯកអគ្គរដ្ឋទូត​បារាំង ​ក៏​បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​សម្ដេច​ ដោយ​ជម្រាប​ជូន​សម្ដេច​ថា​ វត្តមាន​របស់​ឯកឧត្តម​នៅ​កម្ពុជា​ពេល​នេះ​ក៏​មាន​គោលបំណង​បង្កើន​ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ក្នុង​នោះ​ក៏​មាន​កិច្ច​សហ​ប្រ​តិ​ត្តិ​ការ​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា​ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ប្រទេស​បារាំង​ផង​ដែរ​ ។​

​ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​កម្ពុជា​ ពិសេស​ក្នុង​វិស័យសេដ្ឋកិច្ច​ សង្គម​ ដែល​កត្តា​នេះ​ឯកឧត្តម​បាន​លើក​ឡើង​ថា​ក៏​ជា​ចំណុច​មួយ​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​តែ​យកចិត្តទុកដាក់​បង្កើន​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត​ដើម្បី​រួមចំណែក​ធានា​ការ​អភិវឌ្ឍ​នោះ​ ។​ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​សម្ដេច​ដែរ​ថា​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ប្រទេស​បារាំង​នឹង​ដើរតួ​នាទី​ជា​ប្រធាន​សហភាព​អឺរ៉ុប​ ស្រប​ពេល​កម្ពុជា​ក៏​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​។​ ឯកឧត្តម​សង្ឃឹម​ជឿជាក់​ថា​ក្នុង​តួនាទី​ដ៏​សំខាន់ៗ​នេះ​ ប្រទេស​ទាំង​ពីរ​នឹង​ប្រឹងប្រែង​កាន់តែ​សកម្ម​ថែម​ទៀត​ក្នុង​ការ​ស្វែងរក​ឱកាស​ពង្រឹង​ ពង្រីក​ទាំ​នាក់​ទំនង​ទាំង​កម្រិត​តំបន់​ និង​រវាង​ប្រទេស​ទាំង​ពីរ​ ។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​ក្រឡាហោម ​បាន​មាន​ប្រសាសន៍​ថា ស​ម្ដេច​ផ្ទាល់​ក៏​នឹង​ទទួល​តួនាទី​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ឆ្នាំ​២០២២​ដែរ​ ហើយ​ក្នុង​នោះ​ក្រៅពី​កិច្ច​សហ​ប្រ​តិ​ត្តិ​ការ​កម្រិត​តំបន់​ សម្ដេច​ក៏​គាំទ្រ​ឱ្យ​មាននូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​បារាំង​ទៀត​ផង​ ។​ សម្ដេច​បាន​បន្ត​ថា ​ក្នុង​នាម​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ សម្ដេច​នឹង​ខិតខំ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​តំបន់​ ធ្វើ​យ៉ាងណា​បំរើ​ផលប្រយោជន៍​រួម​របស់​អាស៊ាន​ រួម​ទាំង​កម្ពុជា​ដែល​ជា​សមាជិក​ទទួល​កិច្ចការ​ប្រឆាំង​ការ​ជួញដូរ​អាវុធ​ ។​

​សម្ដេច​ក្រឡាហោម​ បាន​ថ្លែងអំណរគុណ​ជា​ថ្មី​ទៀត​ និង​ជូនពរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ ហើយ​សម្ដេច​ផ្ទាល់​ក៏​ត្រៀម​ជា​និច្ច​ ក្នុង​ការ​ជួប​ជជែក​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ដើម្បី​បន្ត​ជំរុញ​ និង​លើ​កម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ និង​បារាំង​ ៕

 

អត្ថបទដែលជាប់ទាក់ទង