ក្រសួងសុខាភិបាល ជូនព័ត៌មានស្តីពីការរកឃើញ និងការពារការចម្លងវីរុសកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីឈ្មោះ អូមីក្រុង
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២១នេះបានចេញសេចក្តីជូនព័ត៌មានស្តីពីការរកឃើញ និងការពារការចម្លងវីរុសកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីឈ្មោះ អូមីក្រុង។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រធានគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ប្រធានអនុគណកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការអន្តរក្រសួង
ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មានការវិវត្តន៍ដោយមានការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ថ្មីៗ ដែលជាការព្រួយបារម្ភរបស់ពិភពលោកនូវកំណើននៃការ ចម្លងវីរុសកូវីដ-១៩បំប្លែងខ្លួននេះ។
ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី B1.1.529 ដែលអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបម្លែងថ្មីនេះ នៅបណ្តាប្រទេសមួយ ចំនួនលើសាកលលោក ដែលអ្នកបច្ចេកទេសអង្គការសុខភាពពិភពលោក បានសំដែងនូវការព្រួយបារម្ភពីលទ្ធភាពនៃការចម្លងរហ័សរបស់វ៉ារ្យ៉ង់ B1.1.529 នេះផងដែរ។ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុម ប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីការវិវឌ្ឍន៍នៃមេរោគ SAPS-COV-2 (TAGVE) បាន វាយតម្លៃវ៉ារ្យ៉ង់ SARS-Cov-2ថ្មី B.1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា “អូមីក្រុង (Omicron)”។
ដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីខាងលើនេះ និងដើម្បីបន្ត និរន្តភាពនៃការរស់នៅក្នុងប្រក្រតីភាពថ្មី ក្នុងសង្គមកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដូចតទៅ៖
១. សូមបន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមចាំបាច់នានាដូចជាការពាក់ម៉ាស់ ឱ្យបានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ១,៥ម៉ែត្រឡើង ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឫទីតាំងការងារ ឫទីតាំងប្រកបរបររកស៊ីទទួលទាន ជៀសវាងកន្លងមានមនុស្សច្រើនកន្លែងដែលបិទជិតគ្មានខ្យល់ចេញ ចូល និងទទួលចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋានទាំងអស់គ្នា។
២. រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នក អំពីករណីសង្ស័យណាមួយដែល ពាក់ព័ន្ធទៅនឹងភាពខុសប្លែកធម្មតា នៃរោគសញ្ញា ឬជំងឺ និងត្រូវនៅដាច់ដោយឡែកដើម្បីកុំឱ្យមានការចម្លងបន្ត ទៅអ្នកដែលនៅជិតខ្លួន ឬក្រុមគ្រួសារខ្លួនក្នុងកំឡុងពេលរងចាំការវិភាគដើម្បីរកវីរុសកូវីដ-១៩ថ្មីនេះ។
៣. ត្រូវជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ជាពិសេសជនដែល ងាយរងគ្រោះ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយបុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវលើការការពារខ្លួន ព្រមទាំងគ្រួសារ និងសហគមន៍ត្រូវលើកកម្ពស់ការចូលរួម តាមដាន និងអនុវត្តវិធានការការពារ និងស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺធ្ងន់ៗ ជាដើម។
ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងការថែរក្សាសុខភាពឲ្យបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួង ក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមការ ណែនាំខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្ដាច់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅម្នាក់ និងកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ នេះចូលក្នុងសហគមន៍យើង។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមាការឆ្លងជំងឺសូម ប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ។ ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារ អប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន៕