លទ្ធផលកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4)
ភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) នៅថ្ងៃទី ២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ Hybrid។
បើតាមក្រសួងការបរទេស បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ និងជាប្រធានក្រុម ការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) បានថ្លែងសុន្ទកថាគន្លឹះ ក្នុងពិធីបិទកិច្ចប្រជុំកំពូល ASEFYLS4 ក្រោមមូលបទ “ការ អភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩» (Sustainable Development in a post COVID-19 World) តាមរយៈការថតវីដេអូទុកជាមុន (pre-recorded)។ កិច្ចប្រជុំខាងលើមានការចូល រួមពីឯកឧត្តម Ambassador Leon FABER នាយករងប្រតិបត្តិនៃមូលនិធិអាស៊ី-អឺរ៉ុប ព្រមទាំង យុវជន ASEF សរុបចំនួនប្រមាណ២០០នាក់ ដែលមកពី៥១ប្រទេស ដោយក្នុងនោះយុវជនរបស់កម្ពុជា មានចំនួន ៣០រូប។