ម្ចាស់មេដាយមាសកីឡាអាស៊ី ប្រកាសរកមេដាយមាសបន្ថែមទៀត ជូនកម្ពុជា
ភ្នំពេញ៖ ម្ចាស់មេដាយមាស ២ របស់កម្ពុជា ពីការប្រកួតកីឡាអាស៊ីលើកទី ១៨ នៅឥណ្ឌូណេស៊ី ចំនួន២រូប បានប្រកាសចំពោះអ្នកគាំទ្ររបស់ខ្លួនថានឹងដណ្តើមមេដាយមាសបន្ថែមទៀត ពីការប្រកួតក្នុងកម្មវិធីធំៗលើកក្រោយទៀត មកជូនជាតិមាតុភូមិកម្ពុជា។
កីឡាករ សាលី អូមើត ដែលមានវ័យ ២៦ ឆ្នាំ ឈ្នះមេដាយមាស និង សំរឹទ្ធពីកីឡាប្រណាំងម៉ូតូទឹក ហើយ ខាន់ ចេសា ដែលមានវ័យត្រឹម ១៧ ឆ្នាំ ឈ្នះមេដាយមាសពីប្រភេទកីឡា ជីជិតស៊ូ។ កីឡាករទាំង២រូបនេះជាមួយនឹងថ្នាក់ដឹកនាំកីឡា បានទៅទស្សនកិច្ចស្វែងយល់ និងជួបអ្នកគាំទ្រ ជាមួយយុវជន នៅសាកលវិទ្យាល័យ AUPP កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។
កីឡាករ សាលី អូមើត បានថ្លែងថា កីឡាអ្វីក៏ដោយឲ្យតែយើងតាំងចិត្តធ្វើ នោះនឹងបានសម្រេចហើយ ។ កីឡាករូបនេះក៏បានរំលឹកពីប្រវត្តិរបស់ខ្លួនថា ខ្ញុំជាក្មេងមួយរូប ដែលមិនចូលចិត្តរៀនសូត្រនោះទេ ប៉ុន្តែខ្ញុំបានប្តេជ្ញាថានឹងធ្វើអ្វីមួយ ឲ្យមានភាពប្រសើរឡើងជាងការរៀនសូត្រ ហើយការលេងកីឡាក៏មិនបានពូកែដែរ ប៉ុន្តែខ្ញុំបានសម្រេចចិត្តចូលលេងកីឡានេះ ក៏ចេះតែលើកមុខមាត់របស់ខ្ញុំឲ្យកាន់តែខ្ពស់ឡើង ដោយការតស៊ូរបស់ខ្ញុំ ទើបបានគេទទួលស្គាល់ខ្ញុំ “។ អូមើត បានថ្លែងថា ក្រោយពីទទួលបានមេដាយមាសពីការប្រកួតនេះ ខ្ញុំមានអារម្មណ៍រំភើប និងមានមោទកភាពយ៉ាងខ្លាំង ជាមួយការគាំទ្រយ៉ាងខ្លាំងពីបងប្អូនពុកម៉ែ និងបងប្អូនជនរួមជាតិរបស់យើង ។ កាលពីកន្លងមក ធ្លាប់ទទួលបានមេដាយតំណាងឲ្យក្លឹប តែមិនមានការរំភើបនោះទេ តែពេលនេះមានអារម្មណ៍យ៉ាងខ្លាំង ព្រោះមានបងប្អូនប្រជាពលរដ្ឋមកហែរហម ជាពិសេសមានការហែរក្បូនទៅវិមានសន្តិភាព ទៅជួបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី និងទៅជួបថ្នាក់ដឹកនាំកីឡា ដើម្បីដឹងពីប្រវត្តិផ្ទាលខ្លួន របស់ខ្ញុំ ( អូមើត ) និង ចេសា។ កីឡាករ អូមើត បានបន្ថែមថា “ពិតប្រាកដណាស់ថា សម្រាប់រូបខ្ញុំ និងមានជំរុញលើកទឹកចិត្ត និងឲ្យកម្លាំងចិត្ត ដល់រូបខ្ញុំ ខ្ញុំនឹងធ្វើជាកីឡាករដ៏ល្អមួយរូប ដើម្បីទៅដណ្តើមមេដាយមាសនាពេលខាងមុខទៀត មកជូនជាតិខ្មែរយើងម្តងទៀត “។
កីឡាការិនី ខាន់ ចេសា បានថ្លែងថា ខ្ញុំមានអារម្មណ៍ថាមានមោទកភាពខ្លាំងដែលទទួលមេដាយមាសសម្រាប់ប្រទេសកម្ពុជា។ នៅពេលដែលសួរថានៅពេលខាងមុននេះ នឹងការប្រកួតកីឡាស៊ីហ្គេម និងអូឡាំពិច និងអាស៊ីបន្តបន្ទាប់ទៀត តើគាត់នឹងប្តេជ្ញាចូលរួមប្រកួតតំណាងកម្ពុជាបន្តទៀតទេ? ចេសា បានបញ្ជាក់ថា ខ្ញុំសង្ឃឹមថា ខ្ញុំនឹងចូលរួមប្រកួតក្នុងកម្មវិធីទាំងនោះនាពេលអនាគត ក្នុងតំណែងតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាម្តងទៀត ហើយសង្ឃឹមថានឹងដណ្តើមយកមេដាយមាសជូនកម្ពុជាម្តងទៀត។ ចេសា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់យុវជន និងពលរដ្ឋកម្ពុជា។
ក្នុងឱកាសនោះដែរ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា បានមានប្រសាសន៍ថា ” តាមពិតទៅ អូមើត ជាក្មេងមកពីខេត្តត្បូងឃ្មុំ ហើយគាត់កាលពីនៅរៀន គឺជាក្មេងដែលឈ្លើយបំផុតហើយ ។ លោកបន្តថា បើនិយាយឲ្យអស់សាច់រឿងតែម្តង អូមើត ត្រូវបានក្រុមគ្រួសារបណ្តេញចេញពីផ្ទះ ហើយគាត់ទៅរស់នៅជាមួយពូនៅប្រទេសថៃ ដែលជាអ្នកលេងស្គីទឹក។ គាត់អផ្សុក ក៏បានទៅលួចហាត់ជិះម៉ូតូស្គី និងបានលួចទៅប្រកួតថែមទៀត ហើយប្រធានក្លឹបក៏បានងឿងឆ្ងល់ថាទៅហាត់ជិះម៉ូតូស្គីពីពេលណា ទើបបានចេះ ហើយជិះវ៉ាគេដាច់ៗៗ ពីព្រោះថាកីឡាម៉ូតូស្គីទឹកនេះមិនងាយវ៉ាគេបានទេ បើយើងជិះពីក្រោយ ព្រោះមានទឹករលកខ្លាំងណាស់ ហើយប្រឡងជាប់ជ័យលាភីថែមទៀត ។ ជាមួយគ្នានោះ ប្រធានក្លឹបក៏បានសួរ អូមើតថា ឯងទៅហាត់នៅទីណា បានប្រកួតឈ្នះគេ ហើយពេលនេះអូមើតបានឆ្លើយថា ខ្ញុំបានលួចហាត់នៅកន្លែងយើងនឹង ។ ដូច្នេះគេបានមើលឃើញថា គាត់ជាមនុស្សមានទេពកោសល្យខ្ពស់ ហើយនឹងអាចជាឧបនិស្ស័យផងក៏មិនដឹងដែលគាត់ជាក្មេងរពឹស ទើបប្រធានក្លឹបដាក់គាត់ឲ្យចូលហ្វឹកហាត់ ក្នុងរយៈពេលប្រហែល២ឆ្នាំ ទើបទទួលបានមេដាយកំរិតពិភពលោក ។ លោកអគ្គលេខាធិការ បានបញ្ជាក់ថា ជីវិតរបស់គាត់ នៅពេលនេះ បានផ្លាស់ប្តូរទាំងស្រុង ហើយមានអ្វីៗទាំងអស់ ។ នៅពេលនេះលុយកាត់សម្រាប់គាត់ មិនសំខាន់នោះទេ គឺសំខាន់កិត្តិយស ដោយបានផ្លាស់ប្តូរជីវិតគាត់ពីក្មេងពាល មកជាក្មេងដែលមានកិត្តិយសនៅក្នុងប្រទេសយើង ដោយសារការលេងកីឡា ។ កីឡាជាអាជីព ដែលអាចផ្តល់សេចក្តីសុខឲ្យយើង និងមានអនាគត ហើយនៅស្រុកគេតម្លៃកីឡាខ្ពស់ណាស់ ប៉ុន្តែនៅស្រុកយើង ទើបតែនឹងចាប់ផ្តើម ហើយជាពិសេសប្រកាន់នូវប្រពៃណីមានការគាបសង្កត់ច្រើន ដោយមិនអនុញ្ញាតឲ្យស្រ្តីទៅលេងកីឡា។ ចេសា និងសៀវម៉ី បានបង្ហាញនិងលុបបំបាត់នូវប្រពៃណីខ្មែរ ដែលមិនអនុញ្ញាតឲ្យកូនស្រីទៅលេងកីឡានោះទេ ហើយឥឡូវនេះសង្គមយើងបានប្រែប្រួលហើយ និងបានផ្តល់ជីវិតថ្មីតាមរយៈការលេងកីឡា ។ កីឡាជាអាជីពមួយចេញពីសមត្ថភាពខ្លួនឯង គឺមិនមែនជាអាជីពមួយអាស្រ័យលើអ្នកដទៃទេ។ កីឡា កើតចេញពីសមត្ថភាពខ្លួនឯង ហើយអ្វីដែលខ្លួនឯងធ្វើបានល្អ នឹងទទួលបានផលល្អ។
ក្រោយជ័យជម្នះនេះ កីឡាការិនី ខាន់ ចេសា ដែលមានឳពុកជាជនជាតិខ្មែរសញ្ជាតិអាមេរិកនិយាយថា “ខ្ញុំពិតជារំភើបមែនទែន ហើយ ខ្ញុំទន្ទឹងរង់ចាំយ៉ាងអន្ទះសាត្រឡប់ទៅកម្ពុជា។ យើងឆ្ពោះទៅរកភាពជោគជ័យបន្ថែមទៀត “។
ខាន់ ចេសា ថ្លែងថា ៖ “ខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើបានល្អ ហើយខ្ញុំសប្បាយចិត្តដែលបញ្ចប់ទៅភាពជោគជ័យបែបនេះ។ ខ្ញុំធ្វើបានល្អសម្រាប់គ្រួសារ សម្រាប់ប្រទេសដែលខ្ញុំមានមោទកភាពដើម្បីបង្ហាញឲ្យគេដឹង។
សម្ដេចតេជោ ហ៊ុន សែន ៖ យើងត្រូវការជោគជ័យបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូ-កីឡាករចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី៣ កញ្ញា៖ “យើងពិតជាមានមោទនភាពចំពោះ ចៅ ស្រី ខាន់ ចេសា ដែលមានឳពុកជាខ្មែរ និងម្ដាយជនជាតិម៉ិកស៊ិកតែសញ្ជាតិអាមេរិក។ តាសុំផ្ញើការនឹករលឹកដល់ឳម្ដាយចៅស្រីផង។ ហើយយើងមានមោទនភាពចៅស្រីដែលធ្លាប់ឈ្នះមេដាយច្រើនកន្លងមក ព្រមមកប្រកួតឲ្យកម្ពុជា។ ជាមួយគ្នានេះ ដល់កីឡាករ សាលី អូមើត ដែលខំប្រឹងរហូតដល់ទទួលបានជ័យជម្នះ។ នេះជាការបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយគ្មានអ្នកណានោះពោលផ្ដើមចេញពីយើងទាំងអស់គ្នាទាំងឆ្នាំ ១៩៥៤។ ខ្ញុំសូមអរគុនដល់អ្នកពាក់ព័ន្ធទាំងអស់រួមទាំងកីឡាករ និង គ្រូបង្វឹក។ សម្ដេចសង្កត់ធ្ងន់ថា “យើងមិនត្រូវបញ្ចប់ត្រឹមហ្នឹងទេ ដូច្នេះគ្រប់សហព័ន្ធត្រូវខំប្រឹងទៀត យើងត្រូវការមេដាយច្រើនទៀត”។
កីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2018 ត្រូវបានក្រុមគ្រួសារ មានទាំងលោកយាយ-លោកយាយទូត និងឪពុកម្ដាយ ប្រកាសគាំទ្រ និងលើកទឹកចិត្តកញ្ញា បន្ដចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា តំណាងប្រទេសកម្ពុជា ដើម្បីនាំមកនូវកិត្តិយសជូនជាតិបន្ថែមទៀត គ្រាដែលសាមីខ្លួន បានអះអាងថា កញ្ញាបានត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិធំៗនានា ពិសេសកីឡាស៊ីហ្គេម SEA-Games លើកទី៣០ នៅហ្វីលីពីន នាឆ្នាំ២០១៩ ក្នុងនាមកីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា។
ក្រោយចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរម្ចាស់មេដាយមាស Asian Games នៅវិមានសន្ដិភាពកាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា លោកស្រី ខួន ប៉ាច ត្រូវជាយាយទូត និងលោកស្រី សាមួន ខាន់ ម៉ានារី យាយបង្កើតរបស់កញ្ញា ខាន់ ចេសា និងក្រុមគ្រួសារ រួមទាំងក្រុមគ្រួសាររបស់វីរកីឡាករ សាលី អ៊ូមើត និងគ្រូបង្វឹក បានជួបសំណេះសំណាល ជាមួយលោកបណ្ឌិត ថោង ខុន និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយលោកយាយ-លោកយាយទូតរបស់ ចេសា បានសម្ដែងនូវការត្រេកអរ និងមានមោទកភាពជាខ្លាំង ចំពោះចៅស្រី ដែលដណ្ដើមបានមេដាយមាសជូនប្រទេសកម្ពុជា៕