រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា
ភ្នំពេញ៖ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ។
ការបំពេញទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L.P. Marsudi) នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងមានជំនួបជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយនឹងពិភាក្សាលើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានារបស់កម្ពុជាពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូនេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ និងពិភពលោក៕