ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីឡាវ អញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេលពីរថ្ងៃ

181

 

ភ្នំពេញ៖ នៅវេលាម៉ោង១០៖២០នាទី ព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីឡាវថ្មី បានធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

យោងតាមក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម្ដេចតេជោ ហ៊ុន សែន និង លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។

លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេសបានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

លោក ផនខាំ វីផាវ៉ាន់ ជានាយករដ្ឋមន្រ្តីថ្មីរបស់ឡាវ ដែលឡើងកាន់តំណែងកាលពីខែមីនា ឆ្នាំ២០២១ បន្តពីលោក ថងលួន ស៊ីសូលីត ដែលកាន់តំណែងជាប្រធានាធិបតីឡាវ។ មុនកាន់តំណែងនេះ លោកធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីឡាវចាប់តាំងពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ផងដែរ។

កម្ពុជា-ឡាវ ជាប្រទេសភូមិផងរបងជាប់គ្នា ដែលមានព្រំប្រទល់ជាប់គ្នាប្រវែងជាង ៥៤០គីឡូម៉ែត្រ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលព្រំដែនបានប្រមាណ ៨៦ភាគរយនៃខ្សែព្រំដែនរួម ដោយបានបោះបង្គោលបាន ១២១លើចំនួនសរុប ១៤៥បង្គោល។ កម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦។

ក្នុងនាមជាប្រទេសជិតខាងកម្ពុជា-ឡាវ តែងជួយគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យច្រើនក្នុងក្របខណ្ឌទ្វេភាគី ដូចជាការអប់រំ ការធ្វើពាណិជ្ជកម្មវិនិយោគ និងបង្ក្រាបការជួញដូរគ្រឿងញៀនតាមព្រំដែនជាដើម។ ក្រៅពីក្របខណ្ឌទ្វេភាគីហើយនោះ ប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងឆាកតំបន់ និងអន្តរជាតិផងដែរ។

ឈរលើចំណងទំនាក់ទំណងដ៏ល្អនេះ មេដឹកនាំនៃប្រទេសទាំងពីរតែងតែបានផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរជាញឹកញាប់។ បន្ថែមពីលើនោះ ប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមកពេលមានគ្រោះមហន្តរាយផ្សេងៗ។

ជាក់ស្តែងកាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ប្រមាណ ១០ម៉ឺនដុល្លារ ហើយកាកបាទក្រហមកម្ពុជា បានផ្តល់ចំនួន ៥ម៉ឺនដុល្លារ ដល់ប្រទេសឡាវ ដើម្បីជួយដល់ជនរងគ្រោះ ដែលរងគ្រោះដោយការបាក់ទំនប់វារីអគ្គិសនីសេពៀន-សេណាំណយ។

ក្នុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ឈរលើស្មារតីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូស។

ពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរវិញ របាយការណ៍បានបង្ហាញថា រយៈពេល៨ខែឆ្នាំ២០២១ ទំហំពាណិជ្ជកម្មមានជាង ១០៤លានដុល្លារអាមេរិក។ ដោយឡែការវិនិយោគគិតត្រឹមខែតុលា ឆ្នាំ២០២១ កម្ពុជាវិនិយោគនៅឡាវ មានជាង ១៣៨លានដុល្លារ ហើយឡាវវិនិយោគនៅកម្ពុជាមានប្រមាណ ៣.៦លានដុល្លារអាមេរិក។

ពាក់ព័ន្ធការសិក្សាអប់រំនៅក្នុងឆ្នាំសិក្សា២០១៩-២០២០ មាននិស្សិតកម្ពុជា កំពុងសិក្សានៅឡាវ ៥៦នាក់ ហើយនិស្សិតឡាវ កំពុងសិក្សានៅកម្ពុជា មានចំនួន ៥៤នាក់។ គិតចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០១៩ និស្សិតកម្ពុជា បានសិក្សានៅឡាវ មានចំនួនសរុប ២០០នាក់ ហើយនិស្សិតឡាវ សិក្សានៅកម្ពុជា ចន្លោះឆ្នាំ ២០០០ ដល់ ២០១៩ មានចំនួន ១៥៨នាក់។

សូមបញ្ជាក់ថា ឡាវ ក៏ជាប្រទេសមួយ ដែលបានចុះកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីមកកាន់ប្រទេសកម្ពុជាជាច្រើនផងដែរ។ ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា និងឡាវ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំទិញអគ្គិសនី ១១៥គីឡូវ៉ុល និងតភ្ជាប់បណ្តាញផ្គត់ផ្គង់ថាមពលឱ្យខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

ឆ្នាំ២០១៨ អគ្គិសនីកម្ពុជា និងឡាវ បានចុះហត្ថលេខាលើអនុស្សារណៈស្តីពីកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់ ២៣០ និង៥០០គីឡូវ៉ុល ពីស្ថានីយបានហាតរបស់ឡាវ មកស្ថានីយស្ទឹងត្រែង។

ឆ្នាំ២០១៩ កិច្ចព្រមព្រៀងចំនួន៤ ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចរបស់លោក ថងលុន ស៊ីសុលីត អតីតនាយករដ្ឋមន្ត្រីមកកាន់ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងទាំង៤នោះរួមមាន៖

១៖ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងប្រទេសទាំងពីរ។
២៖ កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនាំចូលអគ្គិសនីអនុភាព ៥០០មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ។
៣៖ កិច្ចព្រមព្រៀទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ។
៤៖ កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវងអគ្គិសនីកម្ពុជា និងក្រុមហ៊ុម XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព ១៨០០មេហ្កាវ៉ាត់ នៅខេត្តសេកុង៕

អត្ថបទដែលជាប់ទាក់ទង