ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការទូតកម្ពុជា-ហ្វីលីពីន នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើកទី៣

55

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក តែវដូរ៉ូ ឡក់ស៉ីន ជេអរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបណ្តាញ Fresh News ទទួលបាន។

ក្រសួងការបរទេសបញ្ជាក់ថា កិច្ចប្រជុំ 3rd JCBC មានគោលបំណងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អដែលមានស្រាប់ ព្រមទាំងរិះរកមធ្យោបាយ ដើម្បីពង្រីកបន្ថែមទៀតនូវវិសាលភាព និងពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យនានា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវិបុលភាពនៃប្រជាជនទាំងពីរ។

កិច្ចប្រជុំ ក៏នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពដែលសម្រេច បាននៅក្នុងការអនុវត្តលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី២ ដែលបានចុះហត្ថលេខា នៅឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កិច្ចប្រជុំ ក៏នឹងផ្ដល់ឱកាសដល់ភាគីទាំងពីរផ្លាស់ប្តូរយោបល់គ្នា លើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក ប្រាក់ សុខុន និងលោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ នឹងអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣៕

អត្ថបទដែលជាប់ទាក់ទង