ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ចំនួន ២កន្លែងក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង

67

 

ខេត្តកណ្តាល ៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ដល់ក្នុងការដ្ឋានចំនួន២កន្លែង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រុមការងារចម្រុះបានចុះពិនិត្យ និងផ្អាកអាជីវកម្មជីកដីខ្សាច់ខាងលើ ជាបណ្តោះអាសន្ត ដោយសារតែពុំទាន់មានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្ម និងអាជ្ញាប័ណ្ណដែលហួសសពុលភាព។

លោកបានណែនាំដល់ អាជ្ញាធរស្រុកកណ្តាលស្ទឹង ត្រូវចុះស្រង់ស្ថិតិរាល់អាជីវកម្មរ៉ែទាំងឡាយណា ដែលគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាពអោយអស់ ហើយត្រូវណែនាំឱ្យម្ចាស់អាជីវកម្មទាំងនោះ ត្រូវស្នើសុំធ្វើអាជ្ញាប័ណ្ណថ្មី ឬបន្តសុពលភាពអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់ និងគោរពអនុវត្តឱ្យបានតាមកិច្ចសន្យា។

ក្នុងការចុះត្រួតពិនិត្យរណ្តៅដីទាំង២ខាងលើ ដែលរណ្តៅទី១ របស់លោក ថុន ផាន់ណារ៉ូល ដែលមានទីតាំងស្ថិតក្នុងភូមិច្រឡាំង ឃុំរលាំងកែន ក្រុមការងារចម្រុះបានរកឃើញថា ទីតាំងខាងលើមានសកម្មភាពជីកដីក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាប័ណ្ណ និងពុំមានរបងព័ទ្ធជុំវិញការដ្ឋាន និងគ្មានលក្ខណៈចេ្ចកទេសត្រឹមត្រូវ ក្នុងការជីកនោះទេ។

ចំណែករណ្តៅដីទី២ របស់លោក ឡាង លីហួ ស្ថិតក្នុងភូមិ អន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត គឺទីតាំងខាងលើកំពុងមានសកម្មភាព ធ្វើអាជីវកម្មចំនួន១រណ្តៅ ដែលមានទំហំ ២៥៩៣១,២ម៉ែត្រ ដែលមានជម្រៅ៨,៣៤ម៉ែត្រ ហើយក្រុមការងារបានវាស់វែងជាក់ស្តែង រកឃើញថារណ្តៅនេះ គឺខុសតាមគោលការណ៍របស់ក្រសួងបានណែនាំ នោងអាជ្ញាប័ណ្ណហួសសុពលភាព។

លោកបន្តថា ដើម្បីដំណើរការអាជីវកម្មឡើងវិញបាន ទាល់តែម្ចាស់អាជីវកម្ម សុំច្បាប់ចេញពីរដ្ឋបាលខេត្ត ក្រសួង និងមន្ទីររ៉ែ និងថាមពលស្រប់ច្បាប់ ទើបអាចប្រកបអាជីវកម្មបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរត្រូវធ្វើការបិទជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យ ទៅច្បាប់របស់ក្រសួងដែលបានចែង។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានជម្រុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកដី ដឹកខ្សាច់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងដើម្បីចូលរួមចំណែកចំពោះតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច តែការប្រកបអាជីវកម្មនោះត្រូវគោរពតាមបទដ្ឋានបច្ចេកទេស មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សហគមន៍ ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋឡើយ។

លោកបានបន្ថែមថា ក្រុមការងារនឹងបន្តចុះពិនិត្យតាម ការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ ។

សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋដែលមានដីស្រែ នៅក្បែរកន្លែងប្រកបអាជីវកម្ម ជីកដីបានសំណូមពរដល់ម្ចាស់អាជីវកម្ម មេត្តាធ្វើរបងឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗ និងមិនត្រូវជីកបំពានប៉ះពាល់ ដល់ដីស្រែរបស់ពួកគាត់ឡើយ ព្រមទាំងត្រូវគោរពតាមអាជ្ញាប័ណ្ណ ដែលក្រសួងអនុញ្ញាតឲ្យធើ្វអាជីវកម្ម ៕

អត្ថបទដែលជាប់ទាក់ទង