បញ្ហាព្រំដែន កម្ពុជា និងឡាវ នឹងខិតខំឱ្យសម្រេចជាស្ថាពរ ក្នុងការបោះបង្គោលព្រំដែន ក្លាយទៅជាព្រំដែនសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ និងទប់ស្កាត់បាតុភាព អវិជ្ជមានខុសច្បាប់ តាមព្រំដែន
ភ្នំពេញ ៖ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងថា បញ្ហាព្រំដែននៃប្រទេសទាំងពីរ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំឱ្យសម្រេចជាស្ថាពរ ក្នុងការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ក្លាយទៅជាព្រំដែនសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជន នៃប្រទេសទាំងពីរ ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក និងទប់ស្កាត់បាតុភាពអវិជ្ជមានខុស ច្បាប់តាមព្រំដែន។
នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបធ្វើសវនការជាមួយឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ (PHANKHAM VIPHAVANH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹង ពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការកាន់រឹងមាំ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា នេះជាការបំពេញទស្សនកិច្ចលើកដំបូងបង្អស់ បន្ទាប់ពីឯកឧត្តមបានកាន់ដំណែងជានាយករដ្ឋមន្ត្រី។ តាមរយៈការបំពេញទស្សនកិច្ចនាពេលនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីចម្រើនរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងការអបអរសាទរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាប្រទេសកម្ពុជាជួបការលំបាកយ៉ាងណាក៏ដោយ ជាពិសេសការប្រយុទ្ធប្រឆាំង និងទប់ស្តាត់នឹងជំងឺកូវីដ-១៩ បានអនុវត្តន៍យ៉ាងល្អប្រសើរណាស់។
ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភក្នុងការទប់ស្តាត់ជំងឺកូវីដ-១៩ ដោយបានផ្តល់ជំនួយជាវ៉ាក់សាំង ២០ម៉ឺនដូស ហើយក្នុងជំនួបជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់វ៉ាក់សាំង ចំនួន៥០ម៉ឺនដូសថែមទៀត និងជំនួយជាថវិការបស់រាជរដ្ឋាភិបាល និងពីសម្បុរសជនចំនួន ១៣លានដុល្លារអាមេរិក។
ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបផងដែរ អំពីជំនួបរវាងឯកឧត្តមជាមួយ នឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានពិភាក្សាគ្នាប្រកបដោយជោគជ័យ និងបានឯកភាពគ្នានូវចំណុចជាច្រើន។ ចំពោះបញ្ហាព្រំដែននៃប្រទេសទាំងពីរ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំឱ្យសម្រេចជាស្ថាពរក្នុងការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរ ក្លាយទៅជាព្រំដែនសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជន នៃប្រទេសទាំងពីរ ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក និងទប់ស្កាត់បាតុភាពអវិជ្ជមានខុស ច្បាប់តាមព្រំដែន។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តី ដែលថ្លែងសរសើរអំពីការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន អំពីការគ្រប់គ្រងជំងឺកូវិដ១៩ប្រកបដោយ លទ្ធផលល្អប្រសើរ និងថ្លែងនូវអំណរសរសើរអំពីការរីកចម្រើននៃចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា ឡាវ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានឃើញចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់ឈានដល់កម្រិតកំពូលគឺ “ភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង”។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាបានគាំទ្រ និងលើកទឹកចិត្តចំពោះរាល់គម្រោងនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច សង្គម អប់រំ វប្បធម៌ ទេសចរណ៍ និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងអង្គភាពនៅតាមបណ្តោយព្រំដែន ដើម្បីថែរក្សាសន្តិសុខ ទប់ស្កាត់រាល់សកម្មភាពប្រឆាំងរបស់ពួកអមិត្ត អំពើភេរវកម្ម និងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេរភាគី និងពហុភាគី ដូចជា៖ អន្តរសភាអាស៊ាន (AIPA) សហភាពអន្តរសភា (IPU) សភានិយាយភាសាបារាំង (APF) និងក្រុមសមាជិកសភាទទួលបន្ទុកតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV ជាដើម។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណ ដល់រដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានគាំទ្រ និងចូលរួមកិច្ចប្រជុំ ”ភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១” ដែលសភាកម្ពុជាជាប្រធានដឹកនាំកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះប្រកបដោយជោគជ័យ។ ជាមួយនេះ សម្តេចបានស្នើរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តជួយគាំទ្រសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ឆ្នាំ២០២២។
សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីឡាវដែលបានលើកឡើងអំពីបញ្ហាព្រំដែន ហើយព្រឹទ្ធសភាកម្ពុជាតែងតែគាំទ្រ និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់១៤%ទៀតនេះ ដើម្បីកសាងខ្សែព្រំដែននៃប្រទេសទាំងពីរឱ្យក្លាយទៅខែ្សព្រំដែនដែលមានសន្តិភាព ស្ថិរភាព មិត្តភាព និងមានការអភិវឌ្ឍ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លា សម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយ។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានរដ្ឋសភាឡាវ ដែលបានអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ហើយសម្តេចនឹងរកពេលវាលាសមស្របណាមួយ ដើម្បីដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជតិវាយតម្លៃថា បានឆ្លងផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។
សម្តេចសូមជូនពរឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រេចបាននូវចក្ខុវិស័យប្រែក្លាយប្រទេសឡាវ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕