ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត​កំពង់ចាម​ និងលោកស្រីនាំយកអំណោយ​​ ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ ​ជិត​១ពាន់​គ្រួសារ​ នៅ​ស្រុក​ស្ទឹងត្រង់​

83

កំពង់ចាម៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងលោកស្រី នៅព្រឹកថ្ងៃទី០៥ កញ្ញានេះបានអញ្ជើញ​ជួប​សំណេះសំណាល​ សាកសួរ​សុខទុក្ខ​ និង​នាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ​ប្រមាណ៨១៩គ្រួសារ នៅឃុំព្រែកកក់ និងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ដោយ​មាន​ការ​ចូលរួម​ជួយឧបត្ថម្ភ ពីអង្គការមូលនិធិពុទ្ធសាសនា ឆឺ ជី និងជួយសម្របសម្រួលពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​(TYDA) រួម​ជាមួយ​សហភាពសហព័ន្ធយុវជនកម្ពុជា ​(ស.ស.យ.ក)។

លោក គួច ចំរើន ក្នុងឱកាសនោះ បាន​ពាំនាំមក​នូវការផ្តាំផ្ញើ​សាកសួរសុខទុក្ខ ពីសំណាក់ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំងអស់​ ដែល​ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ ដោយមិន​ប្រកាន់​ពីនិន្នាការ​នយោបាយ​អ្វី​ឡើយ។​​

ជាមួយគ្នានេះ លោកអភិបាលខេត្ត​ បានស្នើដល់ប្រជាពលរដ្ឋទាំងអស់​ ត្រូវ​មានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែល​បណ្តាល​​ឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេស ​ត្រូវ​​​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ កុមារ ជនពិការ និងចាស់ជរា។

លោកអភិបាល​ខេត្ត​ ក៏សូម​ឲ្យ​ប្រុងប្រយ័ត្ន ចំពោះសត្វពស់ និងសត្វអាសិរពិសនានាចឹក ព្រោះថា​ក្នុង​កំឡុងពេលទឹកឡើងនេះ​ គឺមាន​មនុស្ស​ចំនួន​៧៧នាក់ហើយ ដែលត្រូវ​ពស់ចឹក និង​សត្វ​អាសិរពិស​ទិចឬខាំ​​ ប៉ុន្តែ​ត្រូវ​បានព្យាបាលទាន់ពេលវេលា។ លោក គួច ចំរើន បាន​សង្កត់​ធ្ងន់ថា​ បើក្នុងករណីមានសត្វអសិរពិសចឹក​ សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាល​ភ្លាមៗ​ ចៀសវាង​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។

លោកអភិបាល​ខេត្ត​ ក៏សូម​ឲ្យ​យប្រជាពលរដ្ឋដែររងគ្រោះទាំងអស់ យកចិត្តទុកដាក់ពីអនាម័យ ទាំងអំឡុងពេលទឹកជំនន់ និងពេកស្រកទៅវិញ គឺ​ត្រូវ​សម្អាតកន្លែងស្នាក់នៅ​ឲ្យ​បាន​ស្អាតត្រឹមត្រូវ និងត្រូវពិសារទឹកដាំអោយឆ្អិនល្អ។​ ហើយ​ក៏​ត្រូវត្រៀមនូវពូជធារ ដោយ​សហការជាមួយស្ថាប័នជំនាញ ដើម្បី ស្ដារលទ្ធភាពកសិកម្ម ឡើងវិញ​។

គួរបញ្ជាក់ផងដែរ​ថា អំណោយដែល​ត្រូវ​ចែកជូន​ដល់​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​នេះ គឺមានចំនួន២ឃុំ​ រួមមាន​ ឃុំព្រែកកក់​ សរុប​ចំនួន​៤៦០គ្រួសារ​ និងឃុំព្រែកបាក់​សរុប ​ចំនួន​៣៩០គ្រួសារ​ ក្នុងមួយគ្រួសារៗទទួលបាន​ មីមួយកេស​ អង្ករ៤០គីឡូ​ និងនំប័ង២ដើមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង