ចាប់ឈើគ្រញូងជាង១តោន បម្រុងលោតឆត្រនាំទៅវៀតណាម
ពោធិ៍សាត់៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស បានស្ទាក់ចាប់រថយន្ត Lexus 450 ដឹកឈើគ្រញូងពេញជាង១តោន ដែលក្រុមឈ្មួញខិលខូចដឹកជញ្ជូនបម្រុងនាំទៅលក់នៅប្រទេសវៀតណាម។ ទោះបីជាត្រូវបានបង្ក្រាបចាប់បានតែរថយន្តនិងឈើប៉ុណ្ណោះ ចំណែកតៃកុងរថយន្ត និងឈ្មួញឈើ បានរត់បាត់។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី សំ ថា មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងពោធិ៍សាត់ បានប្រាប់ថា រថយន្តមួយគ្រឿង ម៉ាក Lexus 450 ពណ៌ខៀវ ដែលបង្ក្រាបបាននោះ ដឹកកំណាត់បន្ទះឈើគ្រញូង។ ដោយឡែកអ្នកបើកបរ បានរត់គេចបាត់។ ក្រោយបង្ក្រាបបាន បានបញ្ជូនរថយន្តនោះមករក្សាទុកបណ្តោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថក្រុង ព្រមទាំងបានថ្លឹងនៅនឹងកន្លែង ឃើញថា ឈើគ្រញូងចំនួន២.៣៦៩កំណាត់ ស្មើនឹង១៤០០គីឡូក្រាម និងស្មើ១,១៦៦ម៉ែត្រគូប។ បន្ទាប់ពីវាស់វែង និងថ្លឹងទម្ងន់រួចរាល់ ដោយមានការចូលរួមពីសំណាក់លោកព្រះរាជអាជ្ញារងខេត្ត បានប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ រក្សាទុកចាត់ការតាមនីតិវិធី។ ហើយករណីនេះ ជំនាញនឹងបន្តស្រាវជ្រាវរកជនសង្ស័យមកចាត់ការ។
ប្រជាពលរដ្ឋ បានបញ្ជាក់ថា រថយន្តដឹកឈើនេះ របស់ឈ្មោះ នី ជាមេឈ្មួញរកស៊ីឈើដុះស្លែមួយ អាងខ្នងអ្នកធំ៕