ការស្ថាបនារង្វង់មូលស្រអែម យករចនាបថ តាមប្រាសាទព្រះវិហារ គឺដើម្បីឧទ្ទិសដល់កងកម្លាំងប្រដាប់អាវុធ និងអ្នកស្នេហាជាតិ ដែលបានការពារទឹកដី
ខេត្តព្រះវិហារ ៖ ការសាងសង់រង្វង់មូលស្រអែម ដែលស្ថិតនៅ ចំណុចផ្លូវប្រសព្វគ្នាជា៣ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលបានយករចនាបថ តាមប្រាសាទព្រះវិហារនេះ គឺដើម្បីឧទ្ទិសដល់កងកម្លាំងប្រដាប់អាវុធ និងអ្នកស្នេហាជាតិ ដែលបានការពារទឹកដី ។ នេះបើតាមបញ្ជាក់អោយដឹកពី លោក សំ លាងទ្រី ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ។
លោក សំ លាងទ្រី បានមានប្រសាសន៍លើកឡើងថា៖ ការសាងសង់រង្វង់មូលយករចនាបថ តាមប្រាសាទព្រះវិហារនេះ គឺដើម្បីឧទ្ទិសដល់កងកម្លាំងប្រដាប់អាវុធ និងអ្នកស្នេហាជាតិ ដែលបានការពារទឹកដី។រង្វង់មូលស្រអែម នឹង ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៦ ខែធ្នូស្អែកនេះហើយ។
បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មានវិញ បានបញ្ជាក់ថា៖ «នេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនៃរូបសំណាកគោបុរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលថ្មីសន្លាងមួយ គឺរង្វង់មូលស្រអែម»។
លោករដ្ឋមន្ត្រីបន្តថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានសរសេរក្នុងបណ្តាញទំនាក់ទំនងសង្គមថា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា នឹងអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រង្វង់មូលស្រអែម នៅថ្ងៃទី៦ធ្នូឆ្នាំ២០២១ ស្អែកនេះ ដោយមានការអញ្ជើញចូលរួមពី អភិបាលខេត្តព្រះវិហារ លោកប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោកឡុង សុវណ្ណ រួមទាំងថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក និងប្រជាពលរដ្ឋដ៏ច្រើនកុះករ ផងដែរ។
កំណត់ត្រាប្រវត្តិសាស្ត្រថ្មី នៃរូបចំណាកគោបូរៈទី៥ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើង ក្នុងរចនាបថខ្មែរសុទ្ធសាធ នៅលើរង្វង់មូលដ៏ថ្មីស្រឡាងមួយ គឺរង្វង់មូលស្រអែម ត្រង់ចំណុចផ្លូវប្រសព្វគ្នាជា៣ ស្ថិតក្នុងឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សំណង់ដ៏គួរជាំទីស្ងប់ស្ញែងនេះ បានចាប់សាងសង់ឡើង កាលពីថ្ងៃទី១១ធ្នូឆ្នាំ២០១៨ និងបានបញ្ចប់នូវការសាងសង់នៅពាក់កណ្តាលខែឧសភាឆ្នាំ២០២០ កន្លងទៅនេះ ក្រោមគម្រោងស្ថាបនារបស់ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានលោក សំ លាងទ្រី ជាប្រធាន និងជាអ្នកដឹកនាំការស្ថាបនា ក្រោមការចំណាយថវិកាអស់ប្រមាណជាង ១២ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការរួមបញ្ចូលគ្នា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តព្រះវិហារ ៕