ភាគីកម្ពុជានិងចិន ប្ដេជ្ញាចិត្តជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យដល់ ១០ ពាន់លានដុល្លារ នៅឆ្នាំ២០២៣
ភ្នំពេញ ៖ ភាគីទាំងពីរ (កម្ពុជានិងចិន) បានសម្តែងការអបអរសាទរ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបានប្ដេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើន ពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០២១។
តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី ៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងឱកាសបំពេញទស្សនកិច្ចខាងលើ រដ្ឋមន្ត្រីការបរទេសទាំងពីរបានជួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ការវិនិយោគ ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំ កសិកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងលើវឌ្ឍនភាពជាលំដាប់ នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបានអះអាងជាថ្មីក្នុងការ លើកកំពស់បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញ ការកសាងសហគមន៍វាសនារួម សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេស និងប្រជាជនទាំងពីរ។
ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការ ពេញចិត្តនូវការរីកចម្រើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូរ៉ដ-១៩។
ភាគីទាំងពីរក៏បានសម្តែងការអបអរសាទរ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបាន ប្ដេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើន ពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ។
ឯកឧត្តម ប្រាក់ សុខុន ក៏បានសម្តែងការអរគុណចំពោះការប្តេជ្ញាចិត្តរបស់មិត្តចិន ក្នុងការបង្កើនការនាំចូល កសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិន ឲ្យបានកាន់តែច្រើនថែមទៀត ។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការកោតសរសើរបស់កម្ពុជា ចំពោះការផ្តល់ជំនួយ អភិវឌ្ឍន៍របស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងការ គ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជា ផងដែរ ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានកោតសរសើរនូវវឌ្ឍនភាព នៃការអនុវត្តគម្រោងក្រោមកិច្ច សហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ បើទោះបីជាមានការរំខានបង្កឡើង ដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ចិន ចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជាកិច្ចខំប្រឹងប្រែង ក្នុងការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺ កូវីដ-១៩ របស់កម្ពុជា។ ឯកឧត្តម បានអះអាងថា ចិននឹងជួយលើកទឹកចិត្តទេសចរ និងវិនិយោគិន ចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ ក៏ដូចជាការ សម្របសម្រួលឱ្យមានការវិលត្រឡប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញ ។
ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នា ពន្លឿនការអនុវត្តផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអរគុណដល់មិត្តចិន ដែល បានឯកភាពផ្តល់ហិរញ្ញប្បទានលើគម្រោងចំនួន ៦៧ នៅកម្ពុជា ដែលមានតម្លៃសរុប ២៦ លានដុល្លារ អាមេរិក ។
ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសំខាន់ៗ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន ចិន ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមក។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ពេញចិត្តចំពោះភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងកិច្ចសន្ទនា អាស៊ាន-ចិន ដែលបានប្រកាសជាផ្លូវការ អំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង អាស៊ាន-ចិន។
ខណៈដែលកម្ពុជានឹងចូលកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២២ នាពេលឆាប់ៗនេះ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនសមភាគីចិន អំពីមូលបទរបស់កម្ពុជាសម្រាប់ ឆ្នាំ២០២០ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ក៏ដូចជាអាទិភាពសំខាន់ៗរួមមានភាពចាំបាច់ក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការកសាង សហគមន៍អាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ។
ឯកឧត្តម វ៉ាង បានរំលឹកឡើងវិញនូវការគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងអបរអរសាទរកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី ១៣ ដោយជោគជ័យ។ ឯកឧត្តម ប្រាក់ សុខុន ក៏បានអបអរសាទរមិត្តចិន ដែល នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងនៅឆ្នាំ ២០២២ ហើយសូមជូនពរ ឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាតំបន់ និងអន្តរជាតិ នានា ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម រួមទាំងការវិវត្តសភាពការណ៍ថ្មីៗនៅប្រទេសមីយ៉ាន់ម៉ា។
មុនបញ្ចប់កិច្ចប្រជុំទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពី «ការត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ និង សុវត្ថិភាពចំណីអាហារ រវាងកម្ពុជា និងចិន ផងដែរ៕