ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីនកម្ពុជា ប្រកួតកីឡាវាយ កូនហ្គោល កៀរគររកជំនួយ ដើម្បីបោសសម្អាត់មីន ឈានទៅលប់បំបាត់ឲ្យអស់នៅឆ្នាំ២០២៥

70

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ បេសកជនពិសេស និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា៖ កម្ពុជា បានធ្វើដំណើរឆ្ពោះទៅមុខ ប្រកបដោយជោគជ័យគួរជាទីមោទន ដោយប្រជាជនកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានទទួលស្គាល់ អបអរសាទរ និងជួយគាំទ្រដល់វិស័យ សកម្មភាពមីន ដើម្បីឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីននិងសំណល់ជាតិផ្ទុះពី សង្គ្រាម និងឈានទៅលប់បំបាត់ឲ្យអស់គ្រាប់មីនពីទឹកដីកម្ពុជា នៅឆ្នាំ២០២៥ ។

លោក លី ធុជ បានបញ្ជាក់បែបនេះក្នុងឱកាស ការប្រកួតវាយកូនហ្គោល មិត្ដវិស័យមីន នៅទីលានវាយកូនហ្គោល ជ្រោយចង្វារ កាលពីថ្ងៃទី០៤ ធ្នូ ២០២១ ដោយមានអង្គការ ដៃគូរ សមាគម អង្គទូត និងមិត្ដវិស័យមីនជាច្រើនស្ថាប័នទៀតចូលរួមផងដែរ ។

លោក លីធុជ បានបញ្ជាក់ថា៖ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមយកឱកាសនេះសូមអគុណ ចំពោះដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុងផ្តល់វិភាគទានដ៏ថ្លៃថ្លា និងមានតម្លៃ បើគិតជាថវិកាដ៏ច្រើនសន្ធឹកសន្ធាប ឧបករណ៍សម្ភារៈ និងការកសាងសមត្ថភាព សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមការងារថែរក្សាសន្តិភាព ការសង្គ្រោះជីវិត ការកាត់ បន្ថយភាពក្រីក្រ និងការស្តារសេដ្ឋកិច្ច សង្គម។

លោក លី ធុជ បានបន្ដថា៖ ជាមួយគ្នានេះ ខ្ញុំសូមអរគុណដល់ប្រតិបត្តិការជាតិ អន្តរជាតិ ដែលបាន និងកំពុងប្រតិបត្តិការ បោស សម្អាតមីនលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយ បទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ជាពិសេសជូន បងប្អូនអ្នកដោះមីនទាំងអស់ ដែលកំពុងបំពេញបេសកកម្មប្រកបដោយគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ក្នុងការ រំដោះផ្ទៃដីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមដល់ការអភិវឌ្ឍជាតិ។

លោក លី ធុជ ក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូច ជាវិស័យឯកជនបន្តការជួយគាំទ្រ ផ្ដល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជា មួយអាជ្ញាធរមីនដែល ជាសេនាធិការរបស់រាជ រដ្ឋាភិបាលលើវិស័យមីន ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីន ត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។ យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បី ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង