ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១

259

 

ព្រៃវែង ៖ នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវជាតិលេខ១១។

ផ្លូវជាតិលេខ១១នេះបានចំណាយថវិកាសាងសង់ អស់ទឹកប្រាក់ប្រមាណ ៩៨.៣៨៨ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងប្រវែងខ្សែផ្លូវសរុប ផ្លូវជាតិមានប្រវែង ៨៦.៦៨គីឡូម៉ែត្រ ឆ្លងកាត់ទឹកដីខេត្តព្រៃវែង ប្រវែង ៦៥គីឡូម៉ែត្រ និងទឹកដីខេត្តត្បូងឃ្មុំ ប្រវែង ២១.៦៨គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩.៨០គីឡូម៉ែត្រ។

ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាវិស័យអាទិភាពមួយនៅក្នុង គោលនយោបាយដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។ មកដល់ពេលបច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិនៃការរាត ដោយជំងឺកូវីដ១៩យ៉ាងណាក្តី តែការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន នៅតែបន្តដំណើរការ ហើយផ្លូវជាច្រើនបាន បញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីរុញកំណើនសេដ្ឋកិច្ចជាតិ។

ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង