ក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចំរើន មុននិងសម្ពោធដាក់អោយប្រើប្រាស់រង្វង់មូលស្រអែមនៅរសៀលថ្ងៃទី០៦ធ្នូនេះ
ព្រះវិហារ៖ រង្វង់មូលស្រអែម ដែលស្ថិតនៅ ចំណុចផ្លូវប្រសព្វគ្នាជា៣ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលបានយករចនាបថ តាមប្រាសាទព្រះវិហារនេះ ត្រូវបានធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើន មុននិងធ្វើពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅរសៀលថ្ងៃទី០៦ធ្នូ២០២១នេះ។
ពិធីក្រុងពាលីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ធ្នូ២០២១នេះក្រោមវត្តមាន លោក បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានខេត្តព្រះវិហារ,លោកលី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ និងលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ។
លោកសំ លាងទ្រី បានមានប្រសាសន៍លើកឡើងថា រូបសំណាកប្រាសាទព្រះវិហារ នៅលើរង្វង់មូលស្រអែមនេះជាសមិទ្ធផលមួយថ្មីទៀត ដែលបានសាងសង់ឡើង ក្រោមក្រោមគំនិតផ្តួចផ្តើមពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តព្រះវិហារ ដោយបានចំណាយ
ថវិកាអស់ចំនួន១២៥០០០ដុល្លារអាមេរិក តែមិនមែនជាថវិការបស់ជាតិនោះទេ ។ ថវិកាទាំងនេះបានមកពីការជួយឧបត្ថមពីលោកទេសរដ្ឋមន្ត្រី មាស សុភាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ , លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក ,លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ,លោកសំ លាងទ្រីជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនិងសប្បុរសជននានាជាច្រើនរូបទៀត។
រង្វង់មូលស្រអែមនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី០៦ ធ្នូ ២០២១នេះ ក្រោមអធិបតីភាពលោក មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ។
ចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត៤០ម៉ែត្ររូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥%នៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អយ៉ាងស្រស់ស្អាតផងដែរ។
គួររំលឹកថា រង្វង់មូលស្រអែមនេះបានធ្វើពិធីបែបសាសនាដោយ ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកមាស សុភា ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ៕