សក្តានុពលនៃផ្លូវជាតិលេខ១១ ជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើន
ព្រៃវែង ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ពោធដាក់ឱ្យ ប្រើប្រាស់ជា ផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរខេត្តព្រៃវែង បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ។
ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់ ដើម្បីចូលរួម ចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា និងបានថ្លែងអំណរគុណផងដែរចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក្រុមហ៊ុនសាងសង់ និង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីភូមិឋាន និងផ្ទះសម្បែងស្ថិតនៅជិតការដ្ឋានសាងសង់ផ្លូវ និងតាមបណ្តោយផ្លូវជាតិលេខ១១ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសក្តានុពលនៃផ្លូវជាតិលេខ១១លើការតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ជាមួយនឹងរាជធានី-ខេត្តផ្សេងៗដទៃទៀត និងជាផ្លូវមួយដែលជួយសម្រួលដល់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងទេសចរណ៍ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ការស្ថាបនានិងលើកកម្រិតផ្លូវនេះមិនត្រឹមតែជួយសម្រួលដល់ចរាចរណ៍ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជួយបង្ការ ការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីការបន្តអនុវត្តគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗមួយចំនួនរួមមាន៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវក្រវាត់ក្រុងទី៣ រួមទាំងគម្រោងដែលកំពុងត្រៀមអនុវត្តសំខាន់ៗមួយចំនួនទៀតរួមមាន៖ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ស្ពានឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងផ្លូវជាតិតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ (ផ្លូវជាតិលេខ៥០C) ក្នុងដំណើរការត្រៀមស្តារសេដ្ឋកិច្ចឡើងវិញ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការប្រៀបធៀបកំណើនរថយន្ត និងទោចក្រយានយន្ត បច្ចុប្បន្នធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្តមានការកើនឡើងប្រមាណពី៦,៥ម៉ឺនគ្រឿងរហូតដល់៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តកើនឡើងប្រមាណពី២០ម៉ឺនគ្រឿងរហូតដល់៥,២លានគ្រឿង។ ដោយឡែកបើប្រៀបធៀបអំពី សុខមាលភាពសាធារណៈ រវាងឆ្នាំ១៩៩៨ និងបច្ចុប្បន្ន អាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺពី៥៦ឆ្នាំរហូតដល់ជាង៧០ឆ្នាំ ដែលជាសូចនាករមួយបង្ហាញឱ្យឃើញភាពប្រសើរឡើងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព ដែល បានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសជាតិឡើងវិញ ព្រមទាំងបោះជំហានយ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈស្របតាមពាក្យស្លោក “មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូច ពេលសព្វថ្ងៃនេះ”។ ការដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះ និងនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំមកឱ្យកម្ពុជា នូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមពេញលេញ ព្រមទាំងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យទាំងនៅទីក្រុង និងជនបទ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ គោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា និងបន្តចូលរួមអនុវត្តវិធានការ “៣កុំ និង ៣ការពារ” តាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងវិធានការផ្សេងៗដទៃទៀតរបស់ក្រសួងសុខាភិបាល នៅក្នុងបរិបទនៃការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីជាមួយកូវីដ-១៩។
ជាទីបញ្ចប់នៃរបាយការណ៍ថ្លែងទៅកាន់អង្គពីធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការគាំទ្រជាឱឡារិក ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រ កម្ពុជា ដែលបានលើកឡើងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ភោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនៅក្រុងព្រះសីហនុ ក្នុងការប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។
ជាមួយគ្នានោះផងដែរ ថ្លែងក្នុងពិធីសំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងមោទនភាពចំពោះសមិទ្ធផលសម្រេចបាននៃការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមសុភាសិតបុរាណខ្មែរដែលថា៖ “មានផ្លូវមានក្តី សង្ឃឹម” និងសុភាសិតចិនថា៖ “ចង់មានត្រូវធ្វើផ្លូវមុន”។
បន្ថែមពីលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ និងភាគីពាក់ព័ន្ធទាំង អស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរួមសហការយ៉ាងសកម្ម រួមជាមួយក្រុមហ៊ុនសាងសង់ និង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ធ្វើឱ្យសម្រេចនូវសមិទ្ធផលផ្លូវជាតិលេខ ១១នេះឡើង។
សូមជម្រាបជូនថា៖ គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង មានប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ១) ស្ថិតក្នុងភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយក្នុងនោះ ផ្លូវឆ្លងកាត់ភូមិសាស្រ្តខេត្តព្រៃវែង មានប្រវែង៦៥,៥៥គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តត្បូងឃ្មុំ មានប្រវែង២១,១៣គីឡូម៉ែត្រ រួមទាំងផ្លូវក្នុងក្រុងព្រៃវែងចំនួន២កន្លែង មានប្រវែង៩,៨០គីឡូម៉ែត្រ។
ផ្លូវជាតិលេខ១១ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ លើកកម្រិតគុណភាព និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ម៉ែត្រ ក្រាលស្រទាប់គ្រឹះទាំងលើ និងក្រោម កម្រាស់ ៦០សង់ទី ម៉ែត្រ។ ទទឹងតួផ្លូវ មានប្រវែង ១១ម៉ែត្រ ក្នុងនោះ ៧ម៉ែត្រ សម្រាប់រថយន្តចរាចរណ៍ ចែកជា ២គន្លង (១ទៅ ១មក) និងផ្លូវសម្រាប់ទោចក្រយានយន្ត មាន ២គន្លង (១ទៅ ១មក) សាងសង់ស្ពានចំនួន ២កន្លែង ប្រវែងសរុប ២១០ម៉ែត្រ ដាក់លូជ្រុងចំនួន ៣កន្លែង លូមូលចំនួន ៩១កន្លែង និងលូដាក់តាម ប្រឡាយសងខាងផ្លូវចំនួន ១៩២កន្លែង រួមទាំងការងាររៀបចំផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពតាមដងផ្លូវផងដែរ។
គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៤ខែ (ប៉ុន្តែការសាងសង់ ជាក់ស្តែងត្រឹមតែ ៣០ខែ ប៉ុណ្ណោះ គិតចាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងបញ្ចប់នៅថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ ២០២០ លឿនជាងផែនការគ្រោងទុក១៤ខែ) ចំណាយថវិកាសាងសង់សរុប ៩៨,៣៨ លានដុល្លារអាមេរិក រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះ ស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។
គួរកត់សម្គាល់ផងដែរថា៖ ផ្លូវនេះជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់ មេគង្គរួមមាន៖ ១-ផ្លូវអាស៊ានហាយវ៉េយ(AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវ ជាតិលេខ១១ ត្រង់ចំណុច អ្នកលឿង និង ២-ផ្លូវអាស៊ានហាយវ៉េ(AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិ លេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤៕