ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់ សុំទោសចំពោះការប្រមាថថា «បើវៀតណាម មិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩ នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»

117

 

ព្រៃវែង៖ ក្នុងការថ្លែងសារមួយចេញពីខេត្តព្រៃវែង ដែលស្ថិតនៅក្បែរព្រំដែនកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់មេទ័ពវៀតណាមម្នាក់ កាលពីខែមីនា ឆ្នាំមុនដែលថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា ការប្រមាថនេះសម្តេចមិនអាចទទួលយកបានទេ ហើយឮសម្តេចបានទាមទារឱ្យលោកឧត្តមសេនីយ៍ឯក ង៉ូវ ស៊ុនជាន អតីតមេបញ្ជាការការពារព្រំដែនវៀតណាមរូបនោះ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម សុំទោស ឬធ្វើការកែតម្រូវឡើងវិញ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ ខ្ញុំអត់ប្រឆាំងវៀតណាមទេ ប៉ុន្តែខ្ញុំប្រឆាំងចំពោះសម្តីបុគ្គលដែលប្រមាថកម្ពុជា»។ ហើយសម្តេចបញ្ជាក់ទៀតថា «ខ្ញុំទាមទារឱ្យនាយករដ្ឋមន្រ្តីដក (មេបញ្ជាការនេះ) ប៉ុន្តែគាត់ដកដែរ តែដកផ្កាយពីរឱ្យឡើងផ្កាយ៣តែម្តង»។

សម្តេចបានបញ្ជាក់បន្តថា៖ «ហ៊ុន សែន ទទួលការប្រមាថមួយម៉ាត់នេះ ហើយធ្វើឱ្យហ៊ុន សែន រើបម្រាស់ ចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនជាង៨៨ភាគរយ ជិតដល់៨៩ភាគរយ»…«លោកឯងពិតប្រាកដទេថា ជំងឺឆ្លងពីកម្ពុជាចូលទៅប្រទេសវៀតណាម លោកឯងត្រូវយកមកពិនិត្យឡើងវិញ ហើយលោកឯងគួរសុំទោសខ្ញុំឬអត់? សុំទោសប្រជាជនកម្ពុជាឬអត់?»។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ៣ថ្ងៃបន្ទាប់ពីមានការរកឃើញនូវករណីពលរដ្ឋខ្មែរដំបូងគេ បានឆ្លងជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ឯក ង៉ូវ ស៊ុនជាន ដែលពេលនោះមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានធ្វើសន្និសីទកាសែតមួយស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩នៅតាមព្រំដែន ដោយលោកបានលើកឡើងថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។

១សប្តាហ៍បន្ទាប់ពីមានការលើកឡើងរបស់មេទ័ពវៀតណាមរូបនោះ យោធាវៀតណាម បានសម្រេចជាឯកតោភាគី ចាប់ផ្តើមបោះតង់ រហូតដល់ជាង៣០កន្លែង នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម រវាងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទល់និងខេត្តអានយ៉ាង ដែលខ្សែបន្ទាត់ព្រំដែនចំណុចនេះ ពុំទាន់បានឯកភាពគ្នាឡើយ ដោយគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងការបោះតង់នេះ វៀតណាមបានប្រើប្រាស់ហេតុផលរឹតបន្តឹងចំពោះការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដែលជាវិធានការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើកំណត់ទូតមួយភ្លាមៗ ទៅកាន់ក្រសួងការបរទេសវៀតណាម ដើម្បីស្នើឱ្យរដ្ឋាភិបាល ប្រទេសវៀតណាម រុះរើទីតាំងយោធាទាំងអស់ចេញពីតំបន់ព្រំដែន ដែលតំបន់នោះពុំទាន់បានឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនៅឡើយ។

សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំទទួលយកអត់បានទេ ឥឡូវប្រជាពលរដ្ឋរបស់ខ្ញុំសុវត្ថិភាព ហើយកុំឆ្ងល់ថា ហេតុអ្វីខ្ញុំបានបញ្ជាឱ្យត្រួតពិនិត្យតាមព្រំដែនភ្លាមថា តើទទួលបានដូសទី៣ហើយឬនៅ ព្រោះជំងឺកំពុងរាលដាលយ៉ាងធំធេងនៅទីក្រុងហូជីមិញ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមត្រូវតែត្រួតពិនិត្យ»។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមជាប្រទេសជិតខាងគ្នា មេទ័ពរូបនេះ មិនអាចនិយាយបែបនេះនោះទេ។ «ប៉ុន្តែបើអ្នកឯងមានសិទ្ធិនិយាយហើយ ខ្ញុំក៏មានសិទ្ធិនិយាយដែរ ដើម្បីការពារប្រជាជាតិរបស់ខ្ញុំ»។

សម្តេចបានចោទសួរទៀតថា «ឥឡូវនៅពេលវេលាដែលអាចធ្វើការកែតម្រូវ ឬសុំទោសបាន ខ្ញុំគ្រាន់តែផ្តាំប៉ុណ្ណឹង ប៉ុន្តែសម្តីនេះជាការប្រមាថដល់កម្ពុជា ទទួលយកអត់បានទេ»។

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា សម្តេចដេកមិនលក់នោះទេ ពេលទទួលការប្រមាថនេះ បញ្ជាក់ថា «ខ្ញុំអត់មានបំបែកបំបាក់អ្វីជាមួយវៀតណាមទេ ប៉ុន្តែបុគ្គលវៀតណាមប្រមាថ និងមើលងាយខ្មែរមុន»។

រហូតមកដល់ពេលនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងដោយនៅសល់ខ្ទង់ជាង១០នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ ស្របពេលដែលមានប្រជាជនជាង៨៨ភាគរយបានចាក់វ៉ាក់សាំងរួចរាល់ ខណៈដែលវៀតណាមឆ្លងខ្ទង់ម៉ឺននាក់។

ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៣១៤ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០២ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,១៣២ករណី៕

អត្ថបទដែលជាប់ទាក់ទង