រដ្ឋបាលព្រៃឈើភ្នំពេញ សហការជាអាជ្ញាធរ ចុះចាប់សត្វស្វាដែលកាចៗ ដែលអុកឡុករំខាន ប្រជាពលរដ្ឋនៅជុំវិញវត្តភ្នំ
ភ្នំពេញ ៖ យោងតាមការស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ និងតាមការទទូចពីប្រជាពលរដ្ឋភូមិ១១ និងភូមិ១២ ផងនោះ
នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានសហការជាមួយនាយកដ្ឋានសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ បានចុះចាប់សត្វស្វាកាចៗ ដែលបង្កអុកឡុក ដេញខាំកូនចៅប្រជាពលរដ្ឋ នៅក្នុងភូមិ១១ និងភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានបញ្ជាក់ថា តាមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតាមការណែនាំរបស់លោកប្រធានមន្ទីរ អោយលោកដឹកនាំមន្ត្រីជំនាញ និងរួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាប់ស្វាដែលកាចៗ យកចេញ កុំអោយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។
ក្នុងឱកាសចុះចាប់សត្វស្វាដែលកាចៗ នាពេលនេះ មន្ត្រីក្រុមការងារ អាជ្ញាធរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗតំបន់ស្វាអុកឡុកនោះ កុំមានការភិតភ័យ ព្រោះមន្ត្រីបានចុះចាប់សត្វស្វាទាំងយកទៅព្រលែងនៅមណ្ឌលថែទាំសត្វពករៃ ដោយសុវត្ថិភាព ។ សូមបងប្អូនរស់នៅដោយក្តីសុខសប្បាយ ។
សត្វស្វាដែលមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញ ចុះចាប់យកទៅព្រលែង នៅសួនសត្វភ្នំតាខ្មៅ នាថ្ងៃនេះ មានជិត២០ក្បាល និងបន្តចុះចាប់ជាបន្តបន្ទាប់ទៀត រហូតដល់សត្វកាចៗ លែងមានរំខានដល់ប្រជាពលរដ្ឋ រស់នៅជុំវិញតំបន់វត្តភ្នំ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅសង្កាត់វត្តភ្នំ សង្កាត់ស្រះចក និងសង្កាត់ផ្សារចាស់ ក្នុងទឹកដី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបង្ហាញការព្រួយបារម្ភ អំពីសុវត្ថិភាពកូនចៅតូចៗ ក៏ដូចជាសម្ភារៈ នៅផ្ទះដោយអះអាងថា មួយរយៈពេលចុងក្រោយនេះ មានស្វាធំៗ និងកាចៗមួយចំនួនបានអុកឡុកដល់លំនៅឋានរស់នៅរបស់ពួកគាត់បង្កនូវការភ័យខ្លាចជាខ្លាំង ដោយសារតែស្វាមួយចំនួននោះ មានចរិតកាចអាចខាំ ឬបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ។
ពលរដ្ឋដែលរស់នៅរំខានដោយសត្វស្វានោះ បានប្រាប់អោយដឹងថា ៖ ស្វាមួយចំនួនមានចរឹកកាច ដើរអុកឡុក តាមផ្ទះប្រជាពលរដ្ឋខ្លាំងណាស់ ។ ជាមួយគ្នានោះ បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចមន្ត្រីជំនាញ ចុះចាប់យកទៅអភិរក្ស ឬធ្វើយ៉ាងណាតាមជំនាញ ដោយសារមានក្មេងៗ កូនចៅពួកគាត់ ធ្លាប់រងគ្រោះ ត្រូវស្វាកាចៗដេញខាំ ជាដើម ។
ប្រជាពលរដ្ឋបន្តថា ពួកគាត់រស់នៅលែងហ៊ានបើកទ្វារ បង្អួច ដោយសារតែខ្លាចស្វាចូលក្នុងផ្ទះ បើផ្ទះណាមានកូនក្មេងតូចៗរឹតតែប្រយ័ត្នទ្វេដង ព្រោះកន្លងមក ធ្លាប់បើកទ្វារផ្ទះខាងមុខ ហើយស្វាចូលមកដេញខ្វាចកូនតូចផងដែរ ខ្វាចត្រូវមុខរហូតត្រូវយកក្មេងទៅមន្ទីរពេទ្យខណៈអីវ៉ាន់ទុកនៅរានហាលមុខផ្ទះ ក៏ត្រូវស្វាខាំពាំ ឬបំផ្លាញផងដែរ ។
ចំណែកពលរដ្ឋផ្សេងទៀត នៅសង្កាត់វត្តភ្នំ ក៏បានលើកឡើងថា ស្វាខ្លះកាចៗណាស់ ហើយបំផ្លាញអីវ៉ាន់តាមផ្ទះរបស់ពលរដ្ឋច្រើនដងមកហើយ ទើបពលរដ្ឋនៅសង្កាត់ទាំងពីរ ហាក់មានការភ័យខ្លាចខ្លាំងឡើងៗ ។ ស្វាកាចៗនោះ មិនមានច្រើនទេ គឺមាន ៣ ឬ ៤ក្បាល ប៉ុណ្ណោះ ហើយបើហ៊ានហាលត្រីអីមុខផ្ទះ ឬមានផើងផ្កាអីវាបោចបាចខ្ទេចខ្ទី ចរិតកាច អត់ខ្លាចយើងជាមនុស្សទេ ។ ស្វាកាចៗនោះ មានច្រើន ហើយបើហ៊ានហាលត្រីអីមុខផ្ទះ ឬមានផើងផ្កាអី វាបោចបាចខ្ទេចខ្ទី ចរិតកាច អត់ខ្លាចយើងជាមនុស្សទេ ទៅ ជាយើងខ្លាចវាជាខ្លាំង។ អ៊ីចឹងសុំសូមពរដល់អាជ្ញាធរ មូលដ្ឋាននិងមន្រ្តីជំនាញជួយដល់ពលរដ្ឋលើបញ្ហានេះផង ដែរ ដើម្បីសុវត្ថិភាពរស់ក្មេងៗតូច ជាពិសេស» ៕