ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រង្វង់មូលស្រអែម នៅស្រុកជាំក្សាន្ត បានសម្ភោធកាត់ខ្សែរបូរណ៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅល្ងាចថ្ងៃទី០៦ខែធ្នូ ជានិងការបំពាក់មេដាយជូនអ្នកមានស្នាដៃ

390

ព្រះវិហារ៖ រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសម្ភោធកាត់ខ្សែរបូរណ៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ប្រធានមន្ទីរ មន្ដ្រីរាជការ បងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

     លោកមាស សុភាបានមានប្រសាសន៍លើកឡើងថា រង្វង់មូលស្រអែម កើតឡើងពីការចូលរួមពីសប្បុរសជននានាក៏ដូចជាថ្នាក់ដឹកនាំកម្លាំងមានសមត្ថកិច្ច ដោយបានចូលរួមជាថវិកា រហូតមស្ថាបនារង្វង់មូលស្រអែមនេះបានជោគជ័យនិងបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅល្ងាចថ្ងៃទី០៦ខែធ្នូឆ្នាំ ២០២១នេះ

  លោកបញ្ជាក់ថា ទីតាំងនេះពីមុនគឺមានលក្ខណៈស្មុគស្មាញពិបាកក្នុងការធ្វើដំណើរ  ប៉ុន្តែពេលនេះ ពោលគឺក្រោយពីស្ថាបនារង្វល់មូលស្រអែមនេះរួច ពីទីតាំងនេះ មានសណ្ដាប់ធ្នាប់ល្អប្រសើរ ដែលជាទីទាក់ទាញភ្ញៀវជាតិអន្តរជាតិមកលេងកំសាន្តនៅស្រុកជាំក្សាន្តនេះផងដែរ

  លោកក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារដែលបានដឹកនាំការស្ថាបនារង្វង់មូលដ៏ល្អប្រណិតនេះបានជោគជ័យ ។លោកក៏បានថ្លែងអំណរគុណផងដែរទាំងអាជ្ញាធរ ក៏ដូចជាសប្បុរសជនដែលបានចូលរួមជាថវិកាក្នុងការសាងសង់រង្វង់មូលនេះផងដែរ។

  លោកមាស សុភាក៏បានបញ្ជាក់ពីភាពយឺតយ៉ាវនៃការសាងសង់រង្វង់មូលស្រអែមនេះផងដែរ ដោយលោកបញ្ជាក់ថាការសង់សង់ត្រូវឆ្លងកាត់នីតិវិធីជាច្រើន ដូចជាការស្នើសុំទៅក្រសួងវប្បធម៌ អាជ្ញាធរជាតិខេត្តព្រះវិហារនិងឆ្លងកាត់ការរចនាប្លង់គូរប្លង់ដ៏ពិបាកផងដែរ។

  លោកក៏បានបញ្ជាក់ទៀតថា លោកមានបំណង យូរហើយ ក្នុងការកសាងរង្វង់មូលស្រអែមនេះ តែមិនដឹងថាគួរដាក់រូបតំណាងអ្វី នៅលើរង្វង់មូល ក្រោយ

ធ្វើការសិក្សា ទើបយើងសម្រេចយករូបប្រាសាទព្រះវិហារ មកដាក់លើរង្វង់មូលស្រអែមនេះនិងបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។

    លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍លើកឡើងថា៖ រង្វង់មូលស្រអែម ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៩ និង បញ្ចប់ការសាងសង់ទាំងស្រុង កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដោយបានសម្ពោធជាផ្លូវការនារសៀលថ្ងៃទី០៦ ធ្នូនេះ។

     លោកបញ្ជាក់ថា រង្វង់មូលស្រអែម អង្កត់ផ្ចិត មានប្រវែង ៤០ ម៉ែត្រ (កាំ២០ម៉ែត្រ)កំពស់ . ម៉ែត្រ ផ្ទៃក្រឡា១២៥៦ ម៉ែត្រការ៉េ និង មានបរិមាត្រប្រវែង ១២៥.៦៦ ម៉ែត្រ ។រូបសំណាកតួប្រាសាទនៅចំកណ្តាលរង្វង់មូលនេះ គឺយកលំនាំតាមគោបុរៈទី៥ ប្រាសាទព្រះវិហារ ហើយរូបសំណាកដែលស្ថិតនៅចំកណ្តាលរង្វង់មូលនេះទៀតសោតមានទំហំស្មើនឹង ៧០% នៃតួប្រាសាទដើម។ មានទីតាំង ស្ថិតនៅលើផ្លូវជាតិលេខ៦២(បង្គោលគ. លេខ២១២) ជាចំណុចផ្លូវប្រសព្វ ស្ថិតនៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ រង្វង់មូលនេះក៏មានការដាំស្មៅនិងរុក្ខជាតិលម្អដ៏ស្រស់ស្អាតផងដែរ ជាពិសេសមានការបំពាក់ជូនទៅដោយឧបករណ៍ហាត់ប្រាណ មួយចំនួនដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះផងដែរ។

  លោកបន្តថា សំណង់ដ៏គួរជាទីស្ញប់ស្ញែងនេះ គឺមានការផ្តួចផ្តើមកសាងឡើងដោយ លោកមាស សុភា ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងដឹកនាំអនុវត្តការសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារផ្ទាល់ដោយចំណាយ បានថវិកាអស់ប្រមាណ៥០០,០០០,០០០រៀល(ប្រាំរយលានរៀល) ស្មើនឹងប្រមាណ ១២៥,០០០$ ដប់ពីរម៉ឺនប្រាំពាន់ដុល្លាសហរដ្ឋអាមេរិច) ជាថវិកាបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជន រួមមាន៖ លោកទេសរដ្ឋមន្ត្រីមាស សុភា និង លោកស្រី,លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីក្រោមឱវាទលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និង លោកស្រីលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកស្រី,លោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ និងសហការី ,លោកគង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងសហការី,សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីក្រោមឱវាទ ,លោក មាស ធីបញ្ញ ឧបត្ថម្ភនូវសម្ភារហាត់ប្រាណដែលត្រូវបំពាក់នៅទីធ្លារង្វង់មូល លោក កែវ ឧបត្ថម្ភនូវថាមពលអគ្គិសនីបំភ្លឺរង្វង់មូលសម្រាប់រយៈពេល២ឆ្នាំ ចាប់ពីខែឧសភាឆ្នាំ២០២០ រហូតដល់ ខែឧសភា ឆ្នាំ២០២២ ព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត។

   លោកក៏បានសូមឧទ្ទិសបុណ្យកុសល ដែលបានមកអំពីស្នាដៃកសាងរង្វង់មូលស្រអែមនេះ ដល់កងកំលាំង ប្រដាប់អាវុធ វីរជនអ្នកស្នេហាជាតិ និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជំនាន់ ដែលបានពលីក្នុងអំឡុងសង្គ្រាម ការពារទឹកដីខ្មែរយើងឱ្យរួចផុតពីការឈ្លានពានពីសត្រូវបរទេស។ សូមអោយពលិកម្មនេះប្រែក្លាយទៅជាមនសិកា ស្នេហាជាតិយ៉ាងមោះមុតសម្រាប់ខ្មែរគ្រប់រូប ជាពិសេសដល់កងកម្លាំងប្រដាប់អាវុធ វីរជនស្នេហាជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅក្នុងសម័យកាលសម្ដេចតេជោ ហ៊ុន សែនយើង។

  គួរបញ្ជាក់ថា ក្នុងកម្មវិធីនោះ លោក ទេសរដ្ឋមន្ដ្រីមាស សុភា ក៏បានបំពាក់មេដាយនិងប័ណ្ណសរសើរជូនមន្ត្រីរាជការនិងសប្បុរសជនដែលបានចូលរួមជាថវិកាក្នុងការស្ថាបនារង្វង់មូលនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង